បណ្តុះគំនិតឱ្យកុមារចេះឈ្វេងយល់ពីប្រវត្តិ ការអភិរក្ស និងការពារបុរាណដ្ឋាន

AKP សៀមរាប ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ –អាជ្ញាធរជាតិអប្សរាបានជ្រើសរើសយកសាលាបឋមសិក្សាបន្ទាយសំរែ ជាសាលាគោលដៅទី២ នៃកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដែលកម្មវិធីនេះបានរៀបចំឡើងកាលពីថ្ងៃអាទិត្យ ៤កើត ខែកត្ដិ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរាបានបញ្ជូនមន្រ្តីជំនាញរបស់ខ្លួន ទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណី ជំនឿ សាសនា និងបរិស្ថាន ដើម្បីធ្វើការអប់រំដោយភ្ជាប់តួនាទីរបស់កុមារក្នុងការរួមចំណែកថែរក្សា និងស្គាល់ពីកេរដំណែលដែលមាននៅក្នុងតំបន់ខ្លួនរស់នៅ។

 លោក ខៀវ ច័ន្ទ មន្ត្រីជំនាញបុរាណវិទ្យានៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានមានប្រសាសន៍ឱ្យដឹងនាឱកាសនោះថា មនុស្សគ្រប់ជាតិសាសន៍ត្រូវស្គាល់ពីមរតករបស់ប្រទេសខ្លួន ថាមានកេរដំណែលអ្វីខ្លះ មានបេតិកភណ្ឌអ្វីខ្លះជារបស់ផ្ទាល់ខ្លួននិងសម្រាប់ជាតិខ្លួន។ ការបណ្តុះឱ្យកុមារស្គាល់ពីប្រវត្តិសាស្ត្រ ពីមរតកដែលខ្លួនមាន ធ្វើឱ្យពួកគេចេះស្រឡាញ់ យល់ពីតម្លៃ និងចូលរួមការពារ លោក ខៀវ ច័ន្ទ ក៏បានលើកជាឧទាហរណ៍ជាក់ស្តែងថា ប្រទេសជិតខាងនិ ងប្រទេសជឿនលឿន ក្នុងប្រព័ន្ធអប់រំគេបានបញ្ចូលមេរៀននេះឱ្យកុមារស្គាល់តាំងពីតូចៗ ហើយគេធ្វើយូរហើយដែរ តែប្រទេសយើងមិនទាន់បានធ្វើពេញដៃជើងនៅឡើយទេ។

លោក ខៀវ ច័ន្ទ បានឱ្យដឹងទៀតថា ពេលដែលប្រាសាទអង្គរវត្តចូលជាបេតិកភណ្ឌពិភពលោក អង្គការ យូណេស្កូ ក៏បានជំរុញឱ្យអាជ្ញាធរជាតិអប្សរាគិតគូរពីរឿងអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់ឱ្យស្គាល់ពីមរតកដែលខ្លួនមានផងដែរ។ ដូច្នេះហើយជាជំហានដំបូងនាឆ្នាំ២០០៩ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបោះពុម្ពសៀវភៅគំនូរអំពីចម្លាក់បេតិកភណ្ឌ សហការជាមួយមន្ទីរអប់ រំយុវជន និងកីឡាខេត្តសៀមរាប និងអង្គការសហព័ន្ធជាតិយូណេស្កូប្រទេសជប៉ុនបាន២ភាគ ព្រមទាំងចុះបង្រៀនដល់ក្មេងៗឱ្យស្គាល់ពីបេតិកភណ្ឌ ដោយមានគម្រោងសហការជាមួយប្រទេសនូវែលសេឡង់ និងសហគមន៍ខ្មែរនៅកាណាដា។ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ក៏កំពុងធ្វើសៀវភៅបេតិកភណ្ឌភាគទី៣ ដែលមានកម្រិតខ្ពស់ជាងមុនឱ្យសិស្សស្គាល់ពីអ្វីទៅជាអង្គរ និងអនុវត្តន៍កម្មវិធីអប់រំបេតិកភណ្ឌ សហការជាមួយអង្គការគាំពារកេរមរតកដល់សិស្សនៅអនុវិទ្យាល័យស្រះស្រង់ ដើម្បីបង្ខិតសិស្សកម្ពុជាកុំឱ្យមានគម្លាត អំពីការយល់ដឹងពីបេតិកភណ្ឌរបស់ខ្លួនឆ្ងាយពីបរទេសពេក។

  

លោក រីក រេត មន្ត្រីជំនាញអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ពោលគឺចង់ឱ្យក្មេងៗបានយល់ដឹងពីរបៀបថែទាំ បច្ចេកទេសជួសជុល ស្គាល់សម្ភារៈត្រូវប្រើ និងការការពារកេមរតកដូនតាទាំងនោះឱ្យបានគង់វង្សបន្តពីមនុស្សចាស់ទៅថ្ងៃអនាគត ដោយលោកចង់ឱ្យខ្មែរគ្រប់រូបចូលរួមថែរក្សាទាំងអស់គ្នាមិនថា កុមារ យុវវ័យ មនុស្សចាស់ រួមទាំងអ្នកអាស្រ័យផលក្នុងតំបន់អង្គរផងដែរ

 ដោយឡែកអ្នកស្រី កាន កែម នាយិការងនៃសាលាបឋមសិក្សាបន្ទាយសំរែ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានបង្កើតកម្មវិធីនេះឡើង ដែលជាប្រយោជន៍ដល់សិស្សានុសិស្ស ឱ្យពួកគេបានដឹងនិងស្គាល់ពីបេតិកភណ្ឌនៅកន្លែងដែលពួកគេរស់នៅ។ ពិសេសអាចប្រតិបត្តិខ្លួនបានល្អក្នុងការរួមចំណែកថែរក្សា ការពារពេលពួកគេទៅលេងតាមប្រាសាទផង។ កន្លងមកកម្មវិធីបែបនេះមិនមានទេ តែសាលាធ្លាប់ធ្វើម្តងកាលពេលលោកគ្រូអ្នកគ្រូធ្វើតែងសេចក្តីអំពីប្រាសាទ ហើយនាំសិស្សទៅសង្កេតដល់បុរាណដ្ឋានផ្ទាល់។ បើមានកម្មវិធីបែបនេះច្រើន សិស្សានុសិស្សនឹងបានឈ្វេងយល់ដឹងច្រើនពីតំបន់បេតិកភណ្ឌដែលខ្លួនរស់នៅ៕

ដោយ ហង្ស