ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ពន្លឿនការងារជួសជុលផ្លូវជាតិ៤៨ឲ្យរួចរាល់មុនថ្ងៃបុណ្យសមុទ្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ សូលីដា៖​

រដ្ឋមន្ត្រីក្រសួងសាធារណការនឹងពន្លឿនការជួសជុលផ្លូវជាតិ៤៨អោយរួចរាល់នៅមុនថ្ងៃបុណ្យសមុទ្រខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចជាតិ និងអន្តរជាតិទៅលេងបុណ្យសមុទ្រនៅខេត្តកោះកុងកាន់តែមានភាពងាយស្រួល។

​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានអះអាងថា ក្រសួងនឹងប្តេជ្ញាជួសជុលផ្លូវជាតិលេខ ៤៨ឡើងវិញឲ្យរួចរាល់នៅមុនថ្ងៃទី១៣ខែធ្នូឆ្នាំ២១០៨ខាងមុខ ពោលគឺនៅមុនថ្ងៃបុណ្យសមុទ្រដែលនឹង ប្រារព្វធ្វើឡើងនៅ ថ្ងៃទី១៤ដល់១៦ខែធ្នូនៅខេត្តកោះកុង។

ក្នុងពិធីចុះត្រួតពិនិត្យការរដ្ឋានជួសជុលផ្លូវលេខ៤៨នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានប្រសាសន៍ថា ក្រុមការងារជំនាញនឹងជួសជុល ផ្លូវនេះទំាងយប់ទំាងថ្ងៃ រួមទំាងការបន្ថែមគ្រឿងចក្ររហូតជាង៤០០គ្រឿង ដើម្បីធ្វើឲ្យការដ្ឋានផ្លូវនេះ ជួសជុលឲ្យហើយតាមផែនការដែលបានកំណត់។

លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុងបានអៈអាងថា ការជួសជុលផ្លូវជាតិលេខ៤៨ឡើងវិញ អោយហើយតាមផែនការនេះគឺបានបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ខេត្តកោះកុងមិន ប្រឈមបញ្ហាលំបាកទៀតឡើយ ពោលគឺធ្វើអោយអ្នកដំណើរមានភាពងាយស្រួលក្នុងការទៅចូលរួមលេង កម្សាន្តក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខ។

សូមបញ្ជាក់ថា កំណាត់ “ផ្លូវជាតិលេខ៤៨” មកដល់ពេលនេះបានជួសជុលសម្រេចបានជាង ៧០ភាគរយហើយ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ។ ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត៕