លោកស្រីអភិបាលរងខេត្តព្រះសីហនុ នាំយកថវិកា ៨០លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាខេត្តព្រះសីហនុ ដឹកនាំ ដោយលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នាំយកថវិកាចំនួន ៨០លាន រៀល ដែលជាការចូលរួមបរិច្ចាករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីរួមចំណែកធានាដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោម កិច្ចផ្ដួចផ្ដើមពីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំខេត្តព្រះ សីហនុ ដើម្បីជំរុញការ កៀរគរថវិកាបរិច្ចាគពីសប្បុរសជនកាន់តែទូលំទូលាយ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់ កុមារកម្ពុជារាប់ម៉ឺននាក់ដែលបានចូលទៅសម្រាកព្យាបាលក្នុងមួយឆ្នាំ

    លោកស្រីសង្ឃឹមថា ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្ត រាជធានី និងចូលរួមកៀរគរ ថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត ដើម្បីឱ្យមន្ទីរពេទ្យមាន លទ្ធភាព ជួយពិនិត្យ ព្យាបាលកុមារកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរ គុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខេត្តព្រះ សីហនុទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងមូលនិធិគន្ធបុប្ផានាពេលនេះ គឺជាទឹកចិត្ត ដ៏ល្អប្រពៃក្នុងការចូលរួមចំណែកជាមួយមន្ទីរពេទ្យ ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។ ខេត្តព្រះសីហនុបានធ្វើសកម្មភាពក្នុងការកៀរគរថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យ គន្ធបុប្ផា មុនគេ ហើយសង្ឃឹមថា និងមានបណ្តាខេត្តរាជធានីផ្សេងទៀតធ្វើសកម្មភាពកៀរគរថវិកា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យឱ្យដំណើរការក្នុងការជួយសង្គ្រោះកុមារកម្ពុជា៕

ដោយ ងូ សុមុនី