ប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោតសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់

AKP ពោធិសាត់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំផ្សព្វផ្សាយបើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋា គារខេ អឹម

ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានថ្លែងអំពីប្រវត្តិ និងសកម្ម ភាពរយៈពេល៣ឆ្នាំ កន្លងមកនេះថា អាណត្តិទី១បោះឆ្នោតនៅឆ្នាំ២០០៦ អាណត្តិទី១ លើកទី១ បោះឆ្នោតឆ្នាំ២០១១ និងអាណត្តិទី២លើកទី១នៅ ឆ្នាំ២០១៥។ សភាពាណិជ្ជកម្ម ខេត្តបានចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេសចំនួន២១៥លើកដូចជានៅសហរដ្ឋអាមេរិក បារាំង បែលហ្ស៊ិក កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី ថៃហ្វីលីពីន និងប្រទេសវៀតណាម ស្របតាមសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន។

ជាមួយគ្នានោះក៏បានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងបានគាំទ្រដល់ សិប្បករ សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តបង្កើតព្រឹត្តការណ៍ពាណិជ្ជកម្ម និងចុះឈ្មោះជា សមាជិកបាកូដក្នុងខេត្តបានចំនួន៧។ ចំពោះទិសដៅវិញនោះ សភាពាណិជ្ជកម្មខេត្តរក្សា ទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត មន្ទីរ ពាណិជ្ជកម្មខេត្ត មន្ទីរពាក់ព័ន្ធ មណ្ឌលសភាពាណិជ្ជកម្មខេត្តនានាក្នុងការផ្លាស់ប្តូរបទពិសោធន៍និងផ្សព្វផ្សាយបន្ថែមដល់ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម សេវាកម្ម ចុះបញ្ជីបាកូដលើផលិតផលក្នុង ខេត្តនិង ស្វែងរកដៃគូវិនិយោគក្នុងនិងក្រៅប្រទេស ដើម្បីបង្កើនកាលានុវត្តភាពផ្នែកពាណិជ្ជកម្មឱ្យ កាន់តែរីកចម្រើនឡើង។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ សភាពាណិជ្ជ កម្មខេត្ត ដែលបានចូលរួមគ្រប់សកម្មភាពសង្គម និងការងារមនុស្សធម៌ក្នុងខេត្ត។

ឯកឧត្ត ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានថ្លែងថា សភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ត្រូវបានបញ្ចប់អាណត្តិនៅខែសីហា ឆ្នាំ២០១៨និងត្រូវរៀបចំបោះឆ្នោតជ្រើស រើសសមាជិកជ្រើសតាំងសម្រាប់អាណត្តិបន្តឱ្យបានមុនដំណាច់ឆ្នាំ២០១៨ ក្រោយពីប្រជុំផ្សព្វ ផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតនេះទៅ។

យោងតាមច្បាប់ស្តីពី សភាពាណិជ្ជកម្ម  ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់និងបង្កើតឱ្យមានសភាពាណិជ្ជកម្មនេះឡើងតាមអនុក្រឹត្យលេខ៥៦ អនក្រ.ចុះថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០០៤។ ជាមួយគ្នានោះសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់បាន ដំណើរការ បោះឆ្នោតអាណត្តិទី១លើកទី១ ឆ្នាំ២០០៦ មានសមា ជិក១៥រូប ឆ្នាំ២០១១ បានបោះឆ្នោតអាណត្តិទី១លើកទី២ដើម្បីបំពេញបន្ថែមសមាជិក៧រូប ដែលបានបញ្ចប់អាណត្តិដោយទុក សមាជិក៨រូបបន្ត។

ឯកឧត្តម បានបញ្ជាក់ថា បើយោងតាមមាត្រានៃអនុក្រឹត្យ លេខ៤២អនក្រ ចុះថ្ងៃទី១៧ខែឧសភាឆ្នាំ២០០២សមាជិកទាំង៨រូបនេះត្រូវបានបញ្ចប់អាណត្តិរបស់ខ្លួននិងត្រូវរៀបចំបោះឆ្នោតអាណត្តិទី២លើកទី២ដើម្បីបំពេញបន្ថែម សមាជិកដែលផុតអាណត្តិ។ ដូចនេះដើម្បីឱ្យកិច្ចដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភពាណិជ្ជកម្មខេត្តពោធិ៍សាត់ទៅ ដោយមានភាពរលូននិងជោគជ័យនោះសូមឱ្យបងប្អូនអាជីវករ ពាណិជ្ជករនៅ ក្នុងខេត្តចូលរួមនិងឈ្វេងយល់កាន់តែច្បាស់អំពីអត្ថ ប្រយោជន៍នៃការចូលជាសមាជិកសភា ពាណិជ្ជកម្មខេត្តមួយនេះកាន់តែមានភាពផុលផុសសម្រាប់បន្តដឹកនាំឱ្យកាន់តែរីកចម្រើន រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ 

ដោយ ណៅ ធឿន