រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៤៨ គ្រោងនឹងបញ្ចប់ការជួសជុលបឋមឱ្យរួចរាល់ នៅពាក់កណ្ដាលខែធ្នូខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹក នាំគណប្រតិភូចុះពិនិត្យស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ ប្រជាពលរដ្ឋ។ការចុះពិនិត្យនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃអង្គារ ៦កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវនេះនឹងត្រូវបានជួស ជុលចប់សព្វគ្រប់ទាំងស្រុង នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឱ្យប្រជាពល រដ្ឋអាចធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារ បានឆាប់រហ័ស និងមានបរិមាណកើន ឡើង ជាពិសេសដើម្បីអបអរសាទរពិធីបុណ្យសមុទ្រដែលនឹងត្រូវ ប្រារព្ធឡើងនៅលើទឹកដី ខេត្តកោះកុង នាចុងខែធ្នូខាងមុខ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើន សេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្ថែមថា ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅដល់ទីរួមខេត្តកោះកុង ហើយក្នុងចម្ងាយផ្លូវ១៥០គីឡូម៉ែត្រនេះ ផ្លូវប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ និង កត្តាធម្មជាតិផ្សេងៗទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កំណាត់ផ្លូវដែល រងការខូចខាត ប្រវែង៦៣គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ ដើម្បីជួសជុលដោយអង្គភាពធំៗ ចំនួនបីរួមមាននាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រ សម្រាប់ជួសជុល ប្រមាណ៤០០គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១២លានដុល្លារអាម៉េរិកសម្រាប់ ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់ការចាប់ផ្តើមអនុវត្តន៍គម្រោងស្តា និងធ្វើឱ្យ ប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF)

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនចូល រួមថែ រក្សាក្នុងស្មារតីភាពជាម្ចាស់ការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងបានក្រើនរម្លឹកដល់ មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ជៀស វាងការប្រព្រឹត្ត អំពើខុសប្រក្រតីដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថារាជរដ្ឋាភិ បាលបានខិតខំប្រឹងប្រែងរក ថវិកាកសាងដោយលំបាក៕

ដោយ អ៊ុន រិទ្ធី