សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិចាងងី ​ សាធារណរដ្ឋសិង្ហបុរី ដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំនៃប្រទេសអាស៊ានដទៃទៀត បានអញ្ជើញទៅដល់សាធារណរដ្ឋសិង្ហបុរី ជាទីដែលបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាចាប់ពីថ្ងៃទ១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨

អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិចាងងី សាធារណរដ្ឋសិង្ហបុរី កាលពីវេលាម៉ោង១០និង៥៧នាទី ម៉ោងនៅសាធារណរដ្ឋសិង្ហបុរី ត្រូវនិងម៉ោង៩និង៥៧នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពី ឯកឧត្តម ម៉ូហាម៉េត ម៉ាលីគី ប៊ីនអូស្មាន (Mohammed Maliki Bin Osman) ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពារ និងកិច្ចការបរទេសរបស់សិង្ហបុរី ឯកឧត្តម ងួន សុខវេង ឯកអគ្គរាជ​​​ទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសិង្ហបុរី ព្រមទាំងវត្តមានឯកឧត្តម លោក​​ជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលសិង្ហបុរី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសិង្ហបុរីជាច្រើនរូប។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន»​

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាមេ ដឹកនាំនៃប្រទេសអាស៊ានដទៃទៀត នឹងអញ្ជើចូលរួមក្នុងកិច្ចប្រជុំកំពូលដែលក្នុងនោះរួមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣/ ការពិសាអាហារការងារពេលល្ងាច សម្រាប់ថ្នាក់ដឹកនាំអាស៊ាន កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ានអូស្រ្តាលី អមដោយអាហារពេលព្រឹកកិច្ចប្រជុំកំពូលអាស៊ានចិន លើកទី២១កិច្ចប្រជុំកំពូលអាស៊ានសាធារណរដ្ឋកូរ៉េ លើកទី២០ កិច្ចប្រជុំកំពូលអាស៊ាន​-រុស្ស៊ីលើកទី៣កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី២១ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន​-ឥណ្ឌា អមដោយអាហារពេលព្រឹក កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក លើកទី៦ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ង្អៀ) អមដោយអាហារថ្ងៃត្រង់ និង កិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុតំបន់លើកទី២។

ស្របពេលកិច្ចប្រជុំកំពូល​​នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងអញ្ជើញចូល​​រួមក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួន ដែលក្នុងនោះរួមាន កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​- កម្មវិធីអាហារការងារថ្ងៃត្រង់រៀបចំដោយឯកឧត្តម លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និង​- ពិធីលៀងសាយភោជន៍ (Gala Dinner) រៀបចំដោយប្រធានកិច្ច​​ប្រជុំសម្រាប់ថ្នាក់ដឹកនាំអាស៊ាន។ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្តេចតេជោនា​​យករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនផងដែរ។

សូមបញ្ជាក់ដែរថា នៅសណ្ឋាគារស្នាក់របស់សម្តេចតេជោ វត្តមាននៃការអញ្ជើញដល់របស់សម្តេចនិងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់និស្សិតកម្ពុជា និងតំណាងសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូប៕

ដោយ ជឹម ណារី