ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំប្រតិភូគណៈដឹកនាំសាសនាឥស្លាម ទស្សនកិច្ចសិក្សាឈ្វេងយល់នៅវិមានឈ្នះឈ្នះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្ដម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំប្រតិភូនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា រួមដំណើរដោយ ឯកឧត្ដម  សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំ ជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រួមជាមួយនឹងសមាជិក សមាជិកា រដ្ឋសភា រាជរដ្ឋាភិបាល  សិស្សានុសិស្ស សរុបជាង ៤០០នាក់ អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់នៅវិមាន ឈ្នះឈ្នះស្ថិតនៅសង្កាត់បាក់ខែង  ខណ្ឌជ្រោយចង្វារ  ដែលត្រូវបានទទួលស្វាគមន៍ ពីនាយ ឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់ និងសហការី កាលពីព្រឹក ថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឆងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្ដម នាយឧត្ដនសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា  វិមានឈ្នះឈ្នះ គឺជាសារៈមន្ទីរមគ្គុទេ្ទសក៍ នៃគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលសាងសង់នៅលើផ្ទៃដី ៨ហិកតា ហើយមានផ្ទៃបាតក្រោមរបស់វិមានផ្ទាល់មានទំហំ ៧០០០ម៉ែត្រក្រឡា ស្ថិតសង្កាត់បាក់ខែង  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ ទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ ប្រើរយៈពេលសាងសង់ជាង២ឆ្នាំ  ដែលគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដែលសម្តេចតេជោ នឹងរឿបចំពិធីបុណ្យយ៉ាងអធិកអធមជូនជនរួមជាតិរយៈពេល៣ថ្ងៃ ៣យប់ គឺថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្ដមបន្ដថា  វិមានឈ្នះឈ្នះ គឺជាការផ្តួចផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សន វិជ្ជាធំធេងបំផុត ក្នុងនយោបាយឈ្នះឈ្នះនេះ ហើយក៏ផ្អែកទៅតាមឯកសារ នយោបាយឈ្នះឈ្នះ។      អ្វីដែលមានលក្ខណៈកាន់តែពិសេស ទៅទៀតនោះ នៅទីនេះ សប្បាយរីករាយបំផុត ក្នុងទស្សនៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបង្កប់នូវព្រលឹងមួយដ៏ធំធេងបំផុត គឺជាព្រលឹងនៃការធានាបាននូវការធ្វើឱ្យមានសុខដុម បនីយកម្មសាសនា និងសង្គមជាតិទាំងមូល។ ជាក់ស្តែង ខ្លោងទ្វារបស់វិមានឈ្នះឈ្នះ គឺជាខ្លោងទ្វាជ័យរបស់យើងទាំងអស់គ្នា ដែលមានចម្លាក់មិនធ្លាប់មានទេក្នុងប្រវត្តិសាស្រ្ត គឺជាចម្លាក់រូបសញ្ញានៃសុខដុមបនីយកម្មសាសនា ដែលមានចម្លាក់សញ្ញានៃសាសនា ព្រះពុទ្ធនៅកណ្តាល ជាសាសនារបស់រដ្ឋ អមសងខាងដោយសាសនាឥស្លាមនិងសាសនាគ្រឹស្ត ដែលត្រូវបានសិក្សាយ៉ាងម៉ត់ចត់ ល្អិតល្អន់បំផុតពីបុព្វជិកសាសនា នីមួយៗ រហូតទទួលបាននូវការចម្លាក់នូវសញ្ញាសាសនាទាំងបីក្រោមម្លប់សុខដុមនីយកម្ម តំណាងឱ្យវិមានឈ្នះឈ្នះនេះ។ នៅតាមជញ្ជាំង ជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ មានរូបចម្លាក់ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។

ឯកឧត្ដមបានបន្តថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានកំពុងខិតខំធ្វើយ៉ាងណាស្វែងរកឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីយកមកដាក់តាំងបង្ហាញ នៅក្នុងវិមានក្នុងគោលបំណងទុកឱ្យក្មេងៗ ជំនាន់ក្រោយសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា។

ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ការទស្សនកិច្ចសិក្សាមកកាន់វិមានឈ្នះឈ្នះរបស់ប្រតិភូ គណៈដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំឥស្លាម និងសិស្សានុសិស្ស គឺជាការបង្ហាញនូវ ការគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយនេះជាមោទនភាពដែលមិនអាចកាត់ថ្លៃបាន ដែលប្រជាជាតិទាំងមូល រួមទាំងសហគមន៍ខ្មែរឥស្លាមបានទទួលផលលើសលពីគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានពលីលះបង់ជីវិតឈាមស្រស់ ដើម្បីនាំនូវភាពជ័យជម្នះ គឺជាការឈ្នះរបស់យើងទាំងអស់គ្នា ជាប្រជាជាតិខ្មែរ និងតកូនតចៅទៅ ជំនាន់ក្រោយទៀត គ្មាននរណាដែលមិនឈ្នះនោះទេ។

   ក្នុងនាមសហគមន៍ខ្មែរឥស្លាម ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើរ ដល់សហគមន៍ របស់លោកថា ផ្អែកលើគោលការណ៍នៃសាសនាឥស្លាមសូមបងប្អូន បន្តចូលរួមសហការគ្នា ថែរក្សាឱ្យបានគង់វង្សនូវកេរតំណែលសុខដុមនីយកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ឱ្យបន្តនៅជាប់ជានិច្ចនិរន្តន៍ ដែលជាការចូលរួមគោរពដឹងគុណនូវគុណូបក្ការៈដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាវីរជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជាដ៏រាបផងដែរ៕  

ដោយ សួស សំរិត