រដ្ឋសភានឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុឆ្នាំ២០១៩ មកពិភាក្សាអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃទី១៥ វិច្ឆិកាខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋសភានឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុឆ្នាំ២០១៩ មកពិភាក្សាអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។ នេះបើ តាមប្រសាសន៍ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយ បញ្ចប់កិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៨នេះនៅវិមានរដ្ឋសភា។

ក្រៅពីអនុម័តច្បាប់ថវិកានេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦នេះ   ក៏នឹង ពិភាក្សាអនុម័តលើរបៀបវារៈមួយចំនួនទៀតដូចជា ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧  ការពិភាក្សាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ការពិភាក្សាអនុម័តកិច្ចព្រម ្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា នឹងការបង្ការការកិបកេងបន្លំពន្ធ ពាក់ពន្ធ នឹងពន្ធលើប្រាក់ចំណូល ការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើ សន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី

សូមបញ្ជាក់ថា យោងតាមប្រសាសន៍ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈ កម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ថ្លែងនៅក្នុងសិក្ខាសាលា ឈ្វេងយល់អំពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោល នយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងមក នេះថា សម្រាប់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានកំណត់ចំណាយថវិកាជាតិក្នុងកម្រិតចំនួន ២៥ ៧៦៥ ០២៨លានរៀល កើន ១០ភាគរយ ធៀបឆ្នាំ២០១៨។ ក្នុងនោះចំណាយចរន្តថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ១៦ ៨២៧ ២៨០លានរៀល និងចំណាយមូលធនថ្នាក់ជាតិមានចំនួន ៨ ៩៣៧ ៧៤៨លានរៀល។ ការចំណាយលើបន្ទុកបុគ្គលិកត្រូវបានគ្រោង ៧ ៨៦២ ៥៣៧ លានរៀល ដូចជា (ដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន លាភការ និងប្រាក់បំណាច់មុខងារ ជូនមន្ត្រី រាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ)។ ការចំណាយមិនមែន បន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ៨ ៩៦៤ ៧៤៣លានរៀល មានសមាមាត្រស្មើនឹង ៥៣,​២៨ភាគរយ នៃចំណាយចរន្តថ្នាក់ជាតិ ត្រូវជា ៨,១៦ភាគរយនៃ ផ..ស ដូចជាវិស័យ រដ្ឋបាលទូទៅ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច។ លើសពីនេះសម្រាប់ឆ្នាំ២០១៩  រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាឆ្លើយ តបនឹងសកម្មភាពគាំពារសង្គម ដូចជាបន្តការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ បន្តឧបត្ថម្ភ មាតុភាពសម្រាប់កម្មករ និយោជិត ការបន្តនិរន្តភាពមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បន្តសកម្មភាព ចុះសួរសុខទុក្ខកម្មករ កម្មការិនី និងកម្មវិធីសង្គហទានសង្គមសម្រាប់ស្ត្រី ក្រីក្រមានផ្ទៃពោះ និងកុមារ​តូច។ ការចំណាយមូលធនថ្នាក់ជាតិត្រូវបានគ្រោង ៨ ៩៣៧ ៧៤៨លានរៀល មានសមាមាត្រស្មើនឹង ៣៤,ភាគរយ នៃចំណាយថវិកាថ្នាក់ជាតិសរុប ត្រូវជា ៨,១៣ភាគរយ នៃ ផ..ស គឺមានកំណើន ៨,ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ការចំណាយមូលធន ថ្នាក់ជាតិនេះ មានគោលដៅផ្តល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីក្នុងវិស័យ អាទិភាពដោយ ផ្តោតលើការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច

ដោយ ប៉ាល់ សុង