ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសវាយសីក្រុមបុរសព្រឹត្តិការណ៍កីឡាវាយសីជើងឯកថ្នាក់ ជាតិ ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –សមាគមកីឡាវាយសីក្រសួងមហាផ្ទៃបានឈ្នះមេដាយ មាសលើវិញ្ញាសាវាយក្រុមផ្នែកបុរស បន្ទាប់ពីបានយកឈ្នះក្រុមសមាគមកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវគ្គផ្តាច់ ព្រ័ត្រ នៅព្រឹកថ្ងៃអង្គារនេះ នៃព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០១៨ នៅទីលានសហព័ន្ធនៃពហុ កីឡដ្ឋានជាតិអូឡាំពិក។

លោក ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា គិតដល់ត្រឹម ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈកម្មការបច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភី លើវិញ្ញាសាមួយចំនួនជាបន្តបន្ទាប់ ខណៈការប្រកួតនឹងត្រូវបញ្ចប់នាថ្ងៃទី១៤ ខែវិច្ឆិកាស្អែកនេះ។ លោកបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកថ្នាក់ជាតិ ឆ្នាំនេះមានការកើនឡើង នូវចំនួនកីឡាករ-កីឡាការិនី១៦០នាក់មកពីក្លិប និងសមាគមទូទាំងប្រទេសចំនួន១៤ ដែល សហព័ន្ធបានរៀបចំវិញ្ញាសាសរុបចំនួន១០ ក្នុងនោះមានវាយក្រុមបុរស, វាយទោបុរស១៩ ឆ្នាំឡើង, វាយទោយុវជនក្រោម១៨ឆ្នាំ ក្រោម១៦ឆ្នាំ ក្រោម១៤ឆ្នាំ, វាយគូបុរស ១៩ឆ្នាំឡើង, វាយគូបុរសក្រោម១៨ឆ្នាំ, វាយគូ យុវជនក្រោម១៦ឆ្នាំ ខណៈផ្នែកនារីមានវិញ្ញាសាវាយទោល នារីក្រោម១៨ឆ្នាំ និងវិញ្ញាសាវាយគូនារី១៩ឆ្នាំ ឡើង។

លោកបានបន្ថែមថា ឆ្នាំនេះសហព័ន្ធក៏បានកែសម្រួលលក្ខនិ្តកៈ និងការបង្កើនចំនួនវិញ្ញាសា សម្រាប់កីឡាករកីឡាការិនីវ័យក្មេង ព្រោះសហព័ន្ធចង់ពង្រឹងគុណភាពសមត្ថភាពជំនាញឱ្យ កីឡាករឱ្យចាប់យក ជំនាញតែមួយប្រកួតដោយគុណភាពខ្ពស់ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ថ្នាលយុវជនក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិនានា ជាពិសេសគឺស្របតាម ផែនការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ៕

ដោយ ហេង ណាលីន