រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៥ វិច្ឆិកាខាងមុខនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រដ្ឋសភា បានប្រកាសបើកកិច្ចប្រជុំពេញអង្គជាលើកដំបូងនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ បន្ទាប់បានរៀបចំរចនាសម្ព័ន្ធរបស់រដ្ឋសភា នីតិកាលទី៦ រួចរាល់នាពេលកន្លងមកនេះ។

ឯកឧត្តម ឈាង វុន សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ មានរបៀបវារៈដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងកម្ពុជានិងសហព័ន្ធរុស្ស៊ី សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជានីមួយៗ ដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គនេះ គឺបន្ទាប់ពីបានឆ្លងកាត់ការពិនិត្យសិក្សាពីគណៈកម្មការជំនាញរដ្ឋសភារួចរាល់។