រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំប្រកាសសេចក្តីសម្រេចស្តីពីបង្កើតគណៈកម្មការរៀបចំបុណ្យទន្លេ

AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំបានជំរុញឱ្យលេខាធិការដ្ឋាន គ្រប់អនុគណៈកម្មការ មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តន៍ឱ្យបានជោគជ័យរាល់ទិសដៅ ភារកិច្ច ឆ្ពោះទៅចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នាខែមិនាឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តបានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំបុណ្យទន្លេខេត្តកំពង់ឆ្នាំងលើកទី៥ នាខែមិនា ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានអនុប្រធានអង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធចូលរួមដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើឱ្យមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន បានយល់ និងចូលរួមកែលម្អស្ថាប័ន លំនៅដ្ឋានឱ្យមានសោភណភាពល្អ ចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ជាពិសេសចូលរួមប្រឡងប្រណាំងទីក្រុងស្អាត និងរក្សាបានសុខភាពល្អទាំងអស់គ្នា។​

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា នេះជាលើកទី១ហើយដែលខេត្តកំពង់ឆ្នាំងទទួលរៀបចំពិធីបុណ្យទន្លេលើកទី៥ ដែលបណ្ដាខេត្តមួយចំនួននៅតាមដងទន្លេបានរៀបចំពិធីបុណ្យទន្លេរួចហលយ រួមមាន៖ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តកណ្ដាល

ដោយ សោម ឫទ្ធី