ក្រុមហ៊ុនធានារ៉ាប់រងមេនូឡាយហ្វ៍ ខេមបូឌា បើកសាខាទី៦ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –ព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា  បានបើកសាខាទី៦របស់ខ្លួន នៅខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៣ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ហោ សុវឌ្ឍនា អនុប្រធាននាយកដ្ឋានធានារ៉ាប់រងនិងសោធននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រី ហៀ ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងលោក Robert Elliott អគ្គនាយកប្រតិ បត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា(Manulife Cambodia) 
    

លោក Robert Elliott មានប្រសាសន៍ថា ក្រុមហ៊ុនចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ជាទីផ្សារថ្មីចុងក្រោយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក ក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០ភាគរយ ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានប្ដេជ្ញាចិត្តផ្ដល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់របស់ពួកគាត់ ។ ក្រុមហ៊ុនទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គមប្រចាំឆ្នាំពីស្ថាប័ន Asia Pacific Customer Service Consortium ( APCSC) ចំនួន ឆ្នាំជាប់ៗគ្នា គឺក្នុងឆ្នាំ២០១៧-២០១៨ ។ ក្រុមហ៊ុនបានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រេចចិត្តកាន់តែមានភាពងាយស្រួល និងធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង ក្រុមហ៊ុនបានផ្ដល់ប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រងព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិផ្ដល់ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន ។ គិតត្រឹមចុងឆ្នាំ២០១៧ យើងមានបុគ្គលិកបម្រើការងារប្រមាណ ៣៥.០០០នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៧៣.០០០នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀតដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណជាង ២៦លាននាក់ ។ 
  

លោកបានបន្តថាគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១.១ ទ្រីលានដុល្លារកាណាដា ស្មើនឹង៨៦៣ពាន់លានដុល្លារអាម៉េរិក ជាទ្រព្យសកម្ម ។ គិតត្រឹម១២ខែចុងក្រោយយើងបានបង់ជូនជាអត្ថប្រយោជន៍ការប្រាក់និងការចំណាយផ្សេងៗជូនដល់អតិថិជនរបស់យើងមានតម្លៃជាសាច់ប្រាក់ចំនួន ២៧.៦ពាន់លានដុល្លារអាម៉េរិក ។ 
   

លោកស្រី ហៀ ហ៊ីមុល្លី  អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលបានបើកសាខាទី៦ របស់ខ្លួននៅខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនអំពីវិស័យធនាគារនៅខេត្តព្រះសីហនុ មាន ២៦បានចុះបញ្ជី ។ ការរីកចម្រើនវិស័យធានារ៉ាប់រងនៅកម្ពុជាជាពិសេសនៅខេត្តព្រះសីហនុ មានកម្រិតនៅឡើយ ខេត្តមានក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនដែលកំពុងផ្តល់សេវាធានារ៉ាប់រង ដូចជាការលើកកម្ពស់សុខភាព យានយន្ត និងសាងសង់ជាដើម ។ ការចាប់ផ្ដើមរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ បម្រើការធានារ៉ាប់រងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ជាការពង្រឹង និងពង្រីកបន្ថែមទៀតក្នុងការធានារ៉ាប់រងអាយុជីវិតនៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្ហាញសក្កានុពលសេដ្ឋកិច្ច និងសង្គមក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងការផ្ដល់ប្រព័ន្ធសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។ 
   

លោកស្រីអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលបានធ្វើសកម្មភាពនៅខេត្តព្រះសីហនុ ជាទិសដៅក្នុងការពង្រឹង និងពង្រីកវិស័យធានារ៉ាប់រងអាយុជីវិត ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់ខ្លួន នឹងសូមស្វាគមន៍ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលបានបើកសាខាទី៦ ដើម្បីបន្តកិច្ចសហការជាមួយអាជ្ញាធរខេត្តពង្រឹងសមត្ថភាព និងចូលរួមការងារមនុស្សធម៌ក្នុងសង្គម និងវិស័យសេដ្ឋកិច្ចផងដែរ ។ ដោយសារតែតម្រូវការប្រកបដោយចីរភាពរយៈពេលវែង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីនុ ប្រកាន់ខ្ជាប់នូវអតិថិជនជាស្នូល បង្កលក្ខណៈជូនអតិថិជន នាំយកនូវបទពិសោធន៍លើផ្នែកបច្ចេកទេសធានារ៉ាប់រងអាយុជីវិត ។ក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានចែកមួកសុវត្ថិភាពចំនួន ៥០ និងកង់ដល់សិស្សានុសិស្សក្នុងក្រុងព្រះសីហនុផងដែរ

ដោយ ងូ សុមុនី