លោក មូន ចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួម កិច្ចប្រជុំកំពូលអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រធានាធិបតីលោក មូន ចា-អ៊ិន ​បានចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី​នាថ្ងៃអង្គារ​នេះ សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ​ជាមួយបណ្តាប្រទេសនៅអាស៊ីភាគអាគ្នេយ៍ និងបណ្តា​ដៃគូ​សន្ទនារបស់ពួកគេ ខណៈពេលដែលលោកបានព្យាយាម​ដើម្បីជំរុញកិច្ចទំនាក់ទំនងនានា​ជាមួយតំបន់ ព្រមទាំងទទួលបានការគាំទ្រពីអន្តរជាតិ​ សម្រាប់ការផ្តួចផ្តើមគំនិតរបស់លោក ដើម្បីសន្តិភាពនៅកូរ៉េខាងជើង។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកចំនួនបីថ្ងៃនៅទីក្រុងសិង្ហបុរី លោក មូន បាន​គ្រោងនឹងចូលរួមចំនួនបីនៃ​​កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលបានធ្វើជាម្ចាស់ផ្ទះ​ដោយ​សមាគមន៍​ប្រជាជាតិអាស៊ីភាគ អាគ្នេយ៍(ASEAN)​ ដោយមួយ គឺប្រជុំកំពូលកូរ៉េ-អាស៊ាន​ មួយ​ទៀតកិច្ចប្រជុំកំពូលអាស៊ានបូកបី ដោយមានប្រទេសចិន និងជប៉ុនផងដែរ ហើយនិង​កិច្ចប្រជុំ​កំពូល​ចំហអាស៊ីខាងកើត។

ពួកមន្រ្តីនៅការិយាល័យប្រធានាធិបតី​បាននិយាយថា លោក មូន ​គ្រោងនឹងធ្វើកិច្ច​ប្រជុំ​កំពូល​​កូរ៉េ- អាស៊ានពិសេសមួយ​នាឆ្នាំក្រោយនេះ ដើម្បីពង្រឹងកិច្ចទំនាក់ទំនងបន្ថែមទៀត ជាមួយបណ្តា​ប្រទេសនៅអាស៊ីភាគអាគ្នយ៍ ស្ថិតក្រោមគោលនយបាយថ្មីនៅភាគខាងត្បូង​របស់លោក។ លោក មូន បានគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដាច់ដោយឡែកពីគ្នា រវាង​ប្រទេស​កូរ៉េ​ខាងត្បូង និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ​មានដូចជា ប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងថៃ។

ពួកមន្រ្តីបាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង​នៃប្រទេសនេះ គឺមានគោល​ធ្វើឱ្យប្រសើរឡើងនូវកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ាន តាមរយៈការពង្រីកផ្នែក​ពាណិជ្ជកម្ម និងការផ្លាស់ ប្តូរគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជន​ ការពង្រឹង​សមត្ថភាព​គ្រប់គ្រងនូវវិបត្តិនានាក្នុងតំបន់ ព្រមទាំងការបង្កើនល្បឿនកិច្ចពិគ្រោះយោបល់​នានា​ ស្តីអំពីរបៀបក្នុងការឆ្លើយតបរួមគ្នា ទៅនឹងការធ្វើបដិវត្តិឧស្សាហកម្មលើកទី៤នេះ។

ខណៈពេលនៅក្នុងប្រទេសសិង្ហបុរី លោក មូន គ្រោងនឹងចូលរួមកិច្ចចរចាពាណិជ្ជកម្ម​សេរី​ក្នុងតំបន់ផងដែរ ដែលគេដឹងថា ​ជាការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូខាងសេដ្ឋកិច្ច​ក្នុងតំបន់កាន់តែប្រសើរឡើង​(RCEP) ដោយរួមមានទាំងប្រទេសអាស៊ានទាំង១០ កូរ៉េខាង​ត្បូង ចិន ជប៉ុន អូស្រ្តាលី ឥណ្ឌា និងប្រទេស នូវ៉ែលសេឡង់៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )