OPEC ត្រៀមខ្លួនធ្វើឱ្យទីផ្សារប្រេងមានតុល្យភាព

AKP ភ្នំពេញ ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ — WAM រាយការណ៍ពីថ្ងៃចន្ទនេះថា អង្គការបណ្តាប្រទេសនាំប្រេងចេញ ( OPEC ) បានប្រកាសថា ប្រទេសសមាជិករបស់ខ្លួនដោះស្រាយនូវតម្រូវការទីផ្សារប្រេងជាសកល ក្នុងករណីមានការធ្លាក់ចុះក្នុងការផ្គត់ផ្គង់ដែលមានហេតុផលខាងនយោបាយណាមួយនោះ ។

លោក Suhail bin Mohammed Faraj Faris Al Mazrouei រដ្ឋមន្ត្រីថាមពលនិងឧស្សាហកម្ម ប្រទេសអេមីរ៉េតអារ៉ាប់រួម ( UAE ) នឹងជាប្រធានសន្និសីទ OPEC ឆ្នាំ២០១៨ បាននិយាយថា បណ្តាប្រទេសចូលរួមការ ផលិតនៃសេចក្តីប្រកាសកិច្ចសហប្រតិបត្តិការ( DOC )នឹងប្រកាន់យកកិច្ចប្រឹងប្រែងជាបន្តរបស់ខ្លួនក្នុងការបន្តធ្វើឱ្យទីផ្សារប្រេងជាសកលមួយមានតុល្យភាព និងស្ថិរភាព ដែលមាននិរន្តរភាព ។

លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការត្រួតពិនិត្យមើលថ្នាក់រដ្ឋមន្ត្រីរួម OPEC និងមិនមែន OPEC ( JMMC )ដែលបានកោះប្រជុំនៅទីក្រុងអាប៊ុយដាប៊ីថា OPEC នឹងបន្តបម្រើដល់ ផលប្រយោជន៍របស់ពួកអ្នកប្រើប្រាស់, ពួកអ្នកផលិត, ឧស្សាហកម្ម​ និងជាទូទៅសេដ្ឋកិច្ចជាសកល ។

គណៈកម្មាធិការនេះបានពិនិត្យមើលឡើងវិញ ការផ្គត់ផ្គង់និងតម្រូវការជាមូលដ្ឋានប្រេងបច្ចុប្បន្ន នឹងបានកត់សម្គាល់ថា ទស្សនវិស័យ ឆ្នាំ ២០១៩ នឹងបង្ហាញឱ្យឃើញនូវកំណើនផ្គត់ផ្គង់ ដែលខ្ពស់ជាងតម្រូវការជាសកល ដោយយកមកពិចារណា នូវភាពមិនច្បាស់លាស់បច្ចុប្បន្ន ។

គណៈកម្មាធិការនោះក៏បានកត់សម្គាល់ផងដែរថា ការធ្វើឱ្យធ្លាក់ទឹកចិត្តដល់ទស្សនវិស័យកំណើន សេដ្ឋកិច្ចជាសកលបន្ថែមទៅនឹងភាពមិនច្បាស់លាស់ ដែលមានជាប់ទាក់ទងអាចមានការរង្គោះរង្គើ សម្រាប់តម្រូវការប្រេងជាសកលក្នុងឆ្នាំ ២០១៩ ហើយនឹងនាំទៅរកការពង្រីកនូវគម្លាត រវាងការផ្គត់ផ្គង់ និងតម្រូវការ ។

លោករដ្ឋមន្ត្រីបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងសមាជិក OPEC និងមិនមែន OPEC នឹងបន្តរហូតដល់ឆ្នាំ ២០២០ ដើម្បីធ្វើឱ្យទីផ្សារប្រេងមានតុល្យភាពមួយ ដោយលោកនិយាយបន្ថែមថា ឧស្សាហកម្មប្រេងត្រូវការការធ្វើវិនិយោគថែមទៀត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )