កងកម្លាំងរដ្ឋាភិបាលយេម៉ែនចាប់យកបានសង្កាត់មួយចំនួន នៅ Hodeidah នឹងស្លាប់ ១៣៩នាក់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ — កងកម្លាំងរដ្ឋាភិបាលយេម៉ែន កាលពីថ្ងៃចន្ទចាប់យកបានមកវិញសង្កាត់មួយចំនួនពីពួកឧទ្ទាមហ៊ូធី ដែលអ៊ីរ៉ង់គាំទ្រនៅក្នុងទីក្រុងកំពង់ផែ Hodeidah នៃសមុទ្រក្រហមនៅពេលមានការប្រយុទ្ធគ្នាពីផ្លូវមួយទៅផ្លូវមួយយ៉ាងខ្លាំងក្លា ដែលបានធ្វើឱ្យមនុស្ស១៣៩នាក់មកពីភាគីច្បាំងគ្នាទាំងពីរបានស្លាប់ ។

ការវាយប្រហារតាមអាកាសមួយចំនួនត្រូវបានធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ទៅលើកន្លែងដែលពួកហ៊ូធី គាំទ្រនៅពេលដែលកងទ័ពរដ្ឋាភិបាលបន្តជំរុញឆ្ពោះទៅរកកណ្តាលទីក្រុងតាមឆ្នេរសមុទ្រ ដែលមានប្រជាជនយ៉ាងច្រើនចេញពីទិសដៅផ្សេងៗនោះ ។

មេបញ្ជាការយោធាម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួតាមទូរស័ព្ទថា កងកម្លាំងរដ្ឋាភិបាល ទទួលបានជោគជ័យ ក្នុងការចាប់យកសង្កាត់មួយចំនួនក្នុងផ្នែកភាគខាងកើត Hodeidah បន្ទាប់ពីការប្រយុទ្ធគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាជាមួយ​ពួកឧទ្ទាមហ៊ូធី ។

វរសេនិយឯក Khaled Abu Ali បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា កងទ័ពរដ្ឋាភិបាលឥឡូវនេះកំពុងឡោមព័ទ្ធ Hodeidah ហើយការប៉ុនប៉ងបានដំណើរការទៅហើយ ដើម្បីកាត់ផ្តាច់ទាំងស្រុងផ្លូវផ្គត់ផ្គង់របស់ពួកហ៊ូធី ។

លោកបាននិយាយបន្ថែមថា ទាហាន១១នាក់បានស្លាប់នៅពេលដែលពួកយុទ្ធជនហ៊ូធី បានវាយប្រហាររថយន្តរបស់ពួកគេដោយមីស៊ីលរយៈខ្លីមួយនៅក្បែរច្រកចូលយ៉ាងសំខាន់របស់​ Hodeidah ។ នៅពេលជាមួយគ្នានោះដែរប្រភពពេទ្យនៅឯមន្ទីរពេទ្យដែលពួកហ៊ូធីគ្រប់គ្រងនៅ Hodeidah បាននិយាយថា ក្រុមហ៊ូធីស៊ីអ៊ីត ដែលអ៊ីរ៉ង់គាំទ្រជាង ១១៥នាក់បានស្លាប់ក្នុងពេលជាង ២៤ម៉ោងកន្លងទៅនេះ។ ចំនួនអ្នកស្លាប់អាចកើនឡើងព្រោះការប្រយុទ្ធគ្នានៅតែកំពុងកើតឡើងនៅឡើយនៅពេលមានការបង្កើនការវាយប្រហារពីអាកាស និងការបាញ់គាំភ្លើងធំនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )