ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យនាយកប្រតិបត្តិថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៨ –តាមប្រភពព័ត៌មានពីក្រសួងកសិកម្មបានឱ្យដឹងថា នៅថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នាទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឱ្យលោកស្រី Sunniya Durrani-Jamal និងសហការីចូលជួបសម្តែងការគួរសម និងធ្វើការណែនាំខ្លួនដោយលោកស្រីទើបត្រូវបានតែងតាំងជានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ លោកស្រី Sunniya Durrani-Jamal បានកោតសរសើរចំពោះការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដែលជាចលករមួយដ៏សំខាន់ជួយគាំទ្រប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងមក។ លោកស្រីក៏បានបញ្ជាក់ផងដែរថា វិស័យកសិកម្មគឺជាវិស័យមួយដែលធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់អាទិភាពខ្ពស់ ដោយបានដាក់បញ្ចូលនៅក្នុងគោលនយោបាយភាពជាដៃគូ រវាងប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់រយៈពេល ៥ឆ្នាំ។ ក្នុងឱកាសនៃការបំពេញបេសកកម្មនៅកម្ពុជា លោកស្រីបានសន្យាថានឹងផ្តល់កិច្ចសហប្រតិបត្តិ និងបន្តការគាំទ្រឱ្យអស់លទ្ធភាពជាមួយក្រសួងកសិកម្ម ធ្វើយ៉ាងណារួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យមានការរីក  ចម្រើន។ 

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍន៍អាស៊ីដែលកន្លងមក បានជួយគាំទ្រក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តន៍គម្រោងនានា ដែលពាក់ព័ន្ធ វិស័យកសិកម្ម ។ ស្តែងចេញពីលទ្ធផលគម្រោងដែលសម្រេចបាន បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនឹងជឿជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសជួយឧបត្ថម្ភគាំទ្រលើវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកប្រធានបទសំខាន់ៗដើម្បីដាក់ជូនលោកស្រីពិនិត្យលទ្ធភាព និងពិចារណាក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ រួមមានទី១-វិធានការនានាដែលត្រូវឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម។ ទី២-ពិនិត្យ និងធ្វើការសិក្សាពីការរៀបចំធ្វើផែនទីកំណត់តំបន់ដាំដុះ។ ទី៣-ជួយក្នុងវិធានការនានាដែលឈានដល់ការទប់ស្កាត់ផលប៉ះពាល់លើផលិតកម្មដំឡូងមី ដោយសារជំងឺម៉ូសាអ៊ិកដំឡូងមី និងផែនការគ្រប់គ្រងជំងឺ។ ទី៤-ជួយរិះរកវិធានការនានា ដែលឈានទៅដល់ការសហការបានពេញលេញពីស្ថាប័នពាក់ព័ន្ធក្នុងការធ្វើកសិម្មឱ្យទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការចំណាយឱ្យបានជាអតិប្បរមា លើការងារគ្រប់គ្រងទឹកនិងដំណាំ។ ទី៥-ផលិតភាពផលិតកម្ម និងទីផ្សារកសិផលរបស់ប្រជាកសិករ និងសហគមន៍។

ជាការឆ្លើយតបលោកស្រីបានឯកភាពទាំងស្រុងនូវរាល់ចំណុចសំខាន់ៗដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង និងទទួលយកចំណុចទាំងនោះទៅពិភាក្សាជាមួយក្រុមការងារជំនាញដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ៕

ដោយសេង សុវណ្ណនី