សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ម៉ឹង​ កុសល​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ដែលកិច្ចប្រជុំនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សិង្ហបុរី ។

ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀត ដូចជា៖

កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក។ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០។ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣។ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១។ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក។ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦។ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ)។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់។ កិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា គណៈប្រតិភូដែលអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួនដូចខាងក្រោម៖ កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន។ កម្មវិធីអាហារការងារថ្ងៃត្រង់ រៀបចំដោយ ឯកឧត្តម លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំ អាស៊ាន។ ពិធីលៀងសាយភោជន (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនទៀតផងដែរ៕