ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់មួកសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតា បិតាសិស្សសាលាបឋមសិក្សា ហ៊ុន សែន ក្រុង

AKP ព្រះសីហនុ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –កាលពីរសៀលថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) បានរៀបចំកម្មវិធីចែកមួកសុវត្ថិភាពចំនួន ១.០៥៥មួក ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណ:គម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក Robert Elliott នាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន Manulife Cambodia

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សាលាបឋមសិក្សាហ៊ុនសែនក្រុង ត្រូវបានជ្រើសរើសអនុវត្តន៍នូវកម្មវិធីពាក់មួកសុវត្ថិភាព ព្រោះទីតាំងនេះមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ សិស្សានុសិស្សធ្វើដំណើរតាមដងផ្លូវមានចរាចរណ៍មមាញឹក ។ សិស្សានុសិស្សប្រមាណ ៩០ភាគរយ ធ្វើដំណើរទៅមកដោយសារជិះកង់ ឬតាមម៉ូតូជាមួយអាណាព្យាបាល ។ កាលពីឆ្នាំកន្លងមកមានសិស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងមានលោកគ្រូ អ្នកគ្រូចំនួន ៧នាក់ទទួលរងគ្រោះថ្នាក់ចរាចរ ណ៍ ។ កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ និងផ្ដល់នូវមួកសុវត្ថិភាពដែលមានគុណភាព និងមានការបណ្ដុះបណ្ដាលអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតា បិតា អាណាព្យាបាលសិស្ស នៅក្នុងសហគមន៍ដែលងាយរងគ្រោះថ្នាក់ចរាចរណ៍ ។ តាមការព្យាករណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨- ២០១៩ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នឹងកើនឡើងប្រមាណជិត ១០ភាគរយ ធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាខេត្តមួយមានកម្រិតគ្រោះថ្នាក់ចរាចរណ៍ទី ១១ខ្ពស់ជាងគេ ។ គោលដៅរបស់អង្គការ គឺបន្តបង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃការពាក់មួកសុវត្ថិភាព សម្រាប់ប្រជាជនទាំងអស់នៅក្នុងខេត្តព្រះសីហនុ ។ 

លោក Robert Elliott មានប្រសាសន៍ថា យើងធ្វើការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់នូវអនាគតល្អប្រសើរសម្រាប់ក្រុមគ្រួសារនៅក្នុងសហគមន៍ ដែលយើងប្រតិបត្តិការអាជីវកម្ម ។ ចាប់តាំងពីឆ្នាំ២០១២មកកម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ បានផ្តល់នូវការអប់រំ និងជំនាញអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សចំនួនជាង ៤.០០០នាក់ និងមាតាបិតាសិស្សជាង ៨.០០០នាក់ តាម រយៈការអប់រំបានជួយដល់ក្រុមគ្រួសាររាប់ពាន់គ្រួសារ មានជម្រើសសុវត្ថិភាពល្អ និងបានចូលរួមកសាងសហគមន៍ឱ្យកាន់តែមានសុវត្ថិភាពជាងមុន 
  អភិបាលរងខេត្តព្រះសីហនុ លោក ជាវ វិជ្ជាក់ មានប្រសាសន៍ថាខេត្តព្រះសីហនុ មានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ ហើយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ ក្នុងចំណោមជនរងគ្រោះមួយចំនួនជាកុមារ យើងប្ដេជ្ញាចិត្តកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយគាំទ្រដល់កិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត និងដៃគូពាក់ព័ន្ធនានាដូចជាអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ផ្ដោតទៅលើការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ ។

លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ថា ដោយមានការផ្សាភ្ជាប់គ្នាជាវិជ្ជមានរវាងចំណេះដឹងរបស់មាតាបិតា ក្នុងការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងការផ្ដល់ចំណេះដឹងរបស់កុមារអំពីការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាជរដ្ឋាភិបាលពិតជាបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សសំដៅកាត់បន្ថយ និងបង្ការការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
  

លោកជំទាវបានបន្តថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមានចំនួន ១.៦៣៣ករណី មានមនុស្សស្លាប់ចំនួន ៩៣០នាក់ ក្នុងនោះអ្នកជិះម៉ូតូលឿនចំនួន ៧០៨នាក់ ស្មើនឹង ៧៦ភាគរយ,មិនពាក់មួកសុវត្ថិភាពចំនួន ៥២៥នាក់ ស្មើនឹង ៧៤ភាគរយ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់មាន ៣៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ១៧ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ១២ភាគរយ,ត់ ១០ភាគរយ, ស្រវឹង ៦ភាគរយ, យានយន្តខុសលក្ខណបច្ចេកទេស ៤ភាគរយ, និងងងុយដេក ១ភាគរយ ។ ក្នុងចំណោមអ្នកស្លាប់ ៩៣០នាក់ ខេត្តព្រះសីហនុ មានមនុស្សស្លាប់់់់ដោយគ្រោះថ្នាក់ចរាចរណ៍៍ ៦៦នាក់ ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីរាជធានីភ្នំពេញមានអ្នកស្លាប់៩៧នាក់ និងេត្តកណ្ដាល មានអ្នកស្លាប់ ៨៤នាក់

ដោយ ងូ សុមុនី