ទូក «ង» របស់កម្ពុជា បំបែកកំណត់ត្រាពិភពលោក ជាទូកវែងជាងគេ

AKP ព្រៃវែង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ មានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ បានជាប់ឯកទគ្គកម្មពិភពលោក (World Guinness Record) ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Records ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។

សម្រាប់ពិធីដែលជាមោទនភាពថ្មីរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរនេះ ក៏មានការចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក Pravin Patel បានបញ្ជាក់យ៉ាងថា ៖ «ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ បានបំបែកឯកទគ្គកម្មពិភពលោក (World Guinness Record) ជាផ្លូវការហើយ »។

ទូក «ង» របស់កម្ពុជាដែលបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។

ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះរហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕

ដោយ ខឹម សុវណ្ណារ៉ា