ស្ថានភាពជំងឺលោកព្រឹទ្ធាចារ្យសិល្ប: ភិរម្យប្រាជ្ញ ឈួនធ្ងន់ធ្ងរសង្គ្រោះបន្ទាន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត
ភ្នំពេញ៖ ស្ថានភាពសុខភាពរបស់លោកព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន វ័យ៨៣ឆ្នាំជា អ្នកចម្រៀងចាប៉ីដង​វែងដ៏​ល្បីល្បាញ និងជាអតីតីមន្ត្រីរបស់វិទ្យុជាតិកម្ពុជា នៅមិនទាន់បានធូរស្បើយពីជម្ងឺនៅឡើយទេ ខណៈដែលក្រុម​វេជ្ជបណ្ឌិត​ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត្រកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ បំផុត។

លោក ប្រាជ្ញ ឆាត កូនប្រុសលោក ប្រាជ្ញ ឈួនបានប្រាប់វិទ្យុជាតិកម្ពុជានៅម៉ោងជាង៣រសៀលនេះថា ក្រុមគ្រូពេទ្យ​កំពុងប្រើវិធីសាស្រ្តសង្គ្រោះជីវិតតាមរយៈសុងដល់សួតជាចុងក្រោយហើយ មានន័យថាវិធីនេះពាក់កណ្តាលស្លាប់ ពាក់កណ្តាលរស់។តែយ៉ាងណាក៏លោក មិនបានដឹងច្រើនពីបច្ចេកទេសពេទ្យទេ គ្រាន់តែដឹងថា មកដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ គាត់មានលក្ខណៈធ្ងន់ធ្ងរមិនដឹងខ្លួននោះទេ គាត់ដកដង្ហើមដោយពឹងលើខ្យល់អុកស៊ីហ្សែនតែប៉ុណ្ណោះ។

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រ បញ្ជាក់ប្រាប់អ្នកសាព័ត៌មានថា សម្រាប់ការព្យាបាលជំងឺលោកតាប្រាជ្ញឈួន គឺជាបន្ទុករបស់មន្ទីរពេទ្យទាំងស្រុង មិនតម្រូវអោយក្រុមគ្រួសារលោកតាបង់ថ្លៃនោះទេ។

សូមរំលឹកថា កាលពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញ​សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃនោះ លោកតាប្រាជ្ញ ឈួន បានបង្ហើបសំនៀងយ៉ាង ក្រអួនក្រអៅជាសាធារណៈដ៏កម្រ បន្ទាប់ពីលោកតាបានឈប់ច្រៀងចាប៉ីអស់ជាច្រើន​ឆ្នាំដោយសារតែបញ្ហាសុខភាព។

នៅក្នុងកម្មវិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់មេដាយកិត្តិយស «មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» និងផ្តល់ឋានៈ ស្មើនឹងថ្នាក់អគ្គនាយកជូនលោកតា ដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដើម្បីជាការតបស្នង ចំពោះស្នាដៃរបស់លោកតា ជាមរតកមនុស្សរស់ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែងរបស់កម្ពុជា។

សូមជំរាបថា លោកព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន ត្រូវបានក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ចាត់ចូលជា សម្បត្តិ​បេតិក ភណ្ឌ័មនុស្សរស់ របស់កម្ពុជានិងអង្គការយូណេស្កូ ដោយសារទេពកោសល្យប៉ិនប្រសប់​ក្នុងការប្រើ​ប្រាស់ពាក្យពេជ្រ និងកេរ្ត៍ឈ្មោះ ល្បីល្បាញតាមរយៈចម្រៀងចាប៉ីដងវែងជាច្រើនទសវត្ស​មកហើយនៅព្រះ​រាជាណាច​ក្រកម្ពុជា។ ទីលំនៅបច្ចុប្បន្ន លោកតា ស្នាក់នៅផ្ទះថ្មីរបស់លោកតាជាមួយគ្រួសារ ក្នុងភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ក្បែរនឹងវត្ត សមរវត្តី ដែលផ្ទះថ្មីនេះ ជាអំណោយផ្ទាល់ពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដែលប្រគល់ជូន លោកតាកាលពីឆ្នាំ២០១៧៕