រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្មវិធីប្រកួ​​ត​​វីដេអូខ្នាតខ្លី ស្តីពីបរិស្ថាន ពានរង្វាន់អប្សរា ឆ្នាំ២០១៨ ពិតជាមានសារៈសំខាន់សម្រាប់យុវជនជំនាន់ក្រោយ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្នុងពិធីបិទកម្មវិធីប្រកួ​​ត​​វីដេអូខ្នាតខ្លី ស្តីពីបរិស្ថាន​ពានរង្វា​ន់​អប្សរា ឆ្នាំ២០១៨ កាលពីរសៀល ថ្ងែទី១០ ខែវិច្ឆិកា ឆ្នាំ២០​១៨ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានកោតសរសើរនិង គាំទ្រចំពោះក្រសួងបរិស្ថាន និងស្ថា​នីយ​ទូរ​ទស្សន៍អប្សរា ដែលបានបង្កើតកម្មវិធីប្រកួតវិដេអូខ្នាតខ្លី ស្តីពីបរិស្ថានពានរង្វាន់អប្សរា ឆ្នាំ២០១៨នេះឡើង ពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកទឹកចិត្ត​ប្រជាពលរដ្ឋ ពិសេសយុវជនឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន។

ក្នុងឱកាសនោះដែរឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានចាត់ទុកការរៀបចំការប្រកួតវីដេអូខ្លីស្តីពី បរិស្ថានបង្កើតបានផលិតករវ័យក្មេង ដែលផលិតបាននូវវីដេអូខ្នាតខ្លីមានខ្លឹមសារអប់រំប្រកបដោយគុ​​​​ភាព សម្រាប់ផ្សព្វផ្សាយបន្តឱ្យបងប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹង អំពីគ្រោះថ្នាក់បណ្តាលមកពីសំល់ប្លាស្ទិក ហើយជួយឱ្យពួកគាត់ចេះរក្សាទុកដាក់កាកសំណល់ប្លាស្ទិក ដែលប្រើប្រាស់ រួចឱ្យបានត្រឹមត្រូវរួមចំណែកដល់ការលើកកម្ពស់បរិស្ថានទីក្រុងរបស់យើងប្រកបដោយបិស្ថានស្អាត​

តាមរបាយការណ៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុ និងទូរទស្សន៍អប្សរាបានឱ្យ ដឹងថា ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងក្រសួងព័ត៌មាន កម្មវិធីប្រកួតវីដេអូខ្លី ស្តីពីបរិស្ថាន ពានរង្វាន់ទូរទស្សន៍អប្សរាឆ្នាំ២០១៨ ក្រោមប្រធានបទ «ការអភិរក្សជីវៈចម្រុះ និងការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា» បានចាប់ដំណើរការពីខែកញ្ញា ឆ្នាំ២០១៨ ដោយមានបេក្ខជន ជាយុវជន យុវនារី អាយុចន្លោះពី១៨ ទៅ២៥ឆ្នាំ ចំនួន៣៥ក្រុម បានដាក់ពាក្យចូលរួមប្រកួត ហើយឆ្លង កាត់វគ្គជម្រុះ មានតែ ២១ក្រុម បានឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជាលទ្ធផល ថ្ងៃនេះ កម្មវិធីជ្រើសរើសបានចំនួន ៤ក្រុម ចុងក្រោយឈានចូលវគ្គផ្តាច់ព្រ័ត្រ។

តាមរយៈការវាយតម្លៃរបស់គណៈកម្មការ៣រូប មកពីក្រសួងបរិស្ថាន ក្រសួងតព័ត៌មាន និងផលិតករឯករាជ្យ កម្មវិធីបានរកឃើញបេក្ខជនជ័យលាភីវគ្គផ្តាច់ព្រ័ត្រទទួលបានពិន្ទុបន្ថែម ពីការចូលទស្សនា និងគាំទ្រ like និង view តាមរយៈ Facebook Page: អប្សរាសង់ត្រាល់ (apsaracentral) ដែលត្រូវប្រកាសរង្វាន់នាថ្ងៃនេះ ក្នុងនោះជ័យលាភីលេខ១ បានទៅលើភិក្ខុ អេន បញ្ញា អ្នកនិពន្ធរឿង «ដៃរបស់ខ្ញុំ» ទទួលបានពាន១ បណ្ណសរសើរ១ និងថវិកា ៥លានរៀល   ជ័យលាភីលេខ២ បានទៅលើក្រុមលោក បូ ភក្ត្រា  «រឿងភ្លើងសំរាម» ទទួ​ល​​បានបណ្ណសរសើរ១ ថវិកា ៣លានរៀល ជ័យលាភីលេខ៣បានទៅ លើក្រុមលោក មៃ លីអ៊ាង «រឿងក្រោមមេឃតែមួយ» ទទួលបានបណ្ណសរសើរ១ ថវិកា ២លានរៀល និងជ័យលាភីលេខ៤ បានទៅលើក្រុមលោក ម៉ើត អះម៉ាត់ និពន្ធ «រឿងបរិស្ថាន» ទទួលបានបណ្ណ សរសើរ១ និងថវិកា ១លានរៀល។

សូមបញ្ជាក់ថា កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងបរិស្ថាន វិស័យឯកជន អង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យបរិស្ថាន និងសិស្ស និស្សិតជាច្រើននាក់ផងដែរ៕

ដោយ ប៉ាល់ សុង