ជាង២០០នាក់ចូលរួមប្រជែងមេដាយការប្រកួតកីឡាតេក្វាន់ដូ WTF ជើងឯកថ្នាក់ជាតិ ២០១៨

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –កីឡាករកីឡាការិនីចំនួន២២៦នាក់បានចូលរួមប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា តេក្វាន់ដូ WTF ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលបានប្រារព្ធពិធីបើកជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ នៅអគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិ។

អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូWTF លោក គង់ សក្ខិដា បានឱ្យដឹងថា ការ ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានអត្តពលិកចូលរួបានកើនឡើងជិត៤០នាក់ មកពី២៨ក្លិប ក្នុងនោះ២៣ក្លិប នៅភ្នំពេញ និង៥ក្លិបផ្សេងទៀតមកពីបណ្តាលខេត្ត ដែលមានកីឡាករ-កីឡាការិនីចំនួន២២៦នាក់ កើនជាងឆ្នាំ២០១៧ កន្លងទៅ។ ចំពោះវិញ្ញាសាដែលដាក់ឱ្យ​ប្រកួតមានចំនួន២២វិញ្ញាសា ក្នុងនោះមានវិញ្ញាសាមេគុនចំនួន៥ និងប្រយុទ្ធ មាន១៧វិញ្ញាសា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WTF បានគូសបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍នេះនឹងជួយពង្រឹងគុណភាព និងវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករកីឡាការិនីមក ពីបណ្តាក្លិ នានាទូទាំងប្រទេសឱ្យកាន់ល្អប្រសើរបន្ថែមទៀត ជាពិសេសនឹងផ្តល់លទ្ធភាពកាន់តែល្អ ក្នុង ការជ្រើសរើសបាននូវធនធានអត្តពលិកប្រកបដោយគុណភាពខ្ពស់ៗ ដើម្បីត្រៀមខ្លួនទទួល ធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ។

លោក Chung Won Choue ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTFពិភពលោក ដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដែលបានមកចូលរួក្នុងពិធីបើកនេះ ដោយលោកបាន លើកទឹកចិត្តជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដែលបានដឹកនាំតេក្វាន់ដូ កម្ពុជាដណ្តើមបានមេដាយមាសជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ទ្វីបអាស៊ី កាលពីឆ្នាំ២០១៤ កន្លងទៅ ដោយកីឡាការិនី ស៊ន សៀវម៉ី៕

ដោយ ហេង ណាលីន