ប្រធានសហព័ន្ធតេក្វាន់ដូ WTF ពិភពលោកមកទស្សនកិច្ចជាលើកដំបូង នៅកម្ពុជា

AKP ភ្នំពេញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –លោក Chung Won Choue ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោកបានអញ្ជើញ មកទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះ ដោយ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលជួបសវនការ និងបាន​សម្ដែង​នូវការស្វាគមន៍យ៉ាងកក់ក្តៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា សហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោក តែងតែបានជួយគាំទ្រកម្ពុជា តាំងពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន ពិសេសគឺបានផ្គត់ផ្គង់គ្រប់ បែបយ៉ាង ដើម្បីជួយឱ្យកម្ពុជា ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជាលើកដំបូង កាលពីឆ្នាំ២០១៤ និងទទួលបានសិទ្ធិពេញលេញចូលរួមប្រកួតកីឡាអូឡាំពិកលើកដំបូងផងដែរ កាលពី ឆ្នាំ២០១៦កន្លងទៅ។ ឯកឧត្តមស្នើឱ្យមានកិច្ចសហប្រតិបត្តិការដ៏ល្អបែបនេះ ដើម្បីជំរុញវិស័យ កីឡាតេក្វាន់ដូកម្ពុជាឆ្ពោះទៅដណ្ដើមមេដាយកីឡាអូឡាំពិក នាឆ្នាំ២០២០ ខាងមុខ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន។ ជាមួយគ្នានោះឯកឧត្តមបានស្នើសុំសម្ភារ និងឧបករណ៍ហ្វឹកហាត់ ស្របតាមបច្ចេកវិទ្យាទំនើប ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង ក៏ដូចជាការ រក្សានូវកិច្ចសហការល្អរវាងកម្ពុជាកូរ៉េ និងសហព័ន្ធកីឡាតេក្វាន់ដូ WTF ពិភពលោក។

លោក Chungwon Choue បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យកីឡា តេក្វាន់ដូ កម្ពុជានាពេលបច្ចុប្បន្ន ហើយលោកបានបង្ហាញនូវភាពរីករាយដើម្បីបន្ដកិច្ចសហប្រតិបត្តិការ ល្អជាមួយគ្នា និងជួយជ្រោម ជ្រែងអភិវឌ្ឍន៍កីឡាតេក្វាន់ដូកម្ពុជា ពិសេសគឺលោកចង់ឃើញកម្ពុជា ដណ្ដើមបានមេដាយកីឡាអូឡាំពិកលើកដំបូង ដោយប្រភេទកីឡាតេក្វាន់ដូនេះ តែម្ដង៕

ដោយ ហេង ណាលីន