ឯកឧត្តម ថោង ខុន ចូលរួមក្នុងពិធីផ្សព្វផ្សាយប្រកាស ស្តីពីការបង្កើតក្រុមការងារជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –នាព្រឹកថ្ងៃចន្ទ ៥កើត  ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ  ផ្សព្វផ្សាយប្រកាស ស្តីពីការបង្កើតក្រុមការងារជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការផ្សព្វ ផ្សាយចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ សន្តិសុខល្អ ខេត្តព្រះសីហនុលើកទី១ និងការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធស្នាក់នៅទេសចរណ៍តាមអនឡាញ ព្រមទាំងប្រកាសស្ដីពីការ បង្កើតក្រុមការងារជំនាញ ដើម្បីជួយពង្រឹងដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ មានសារសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងជាការទាក់ទាញភ្ញៀវទេស ចរ និងអ្នកវិនិយោគគិនបរទេស មកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀតស្របតាម ការរីកចម្រើននូវបច្ចេកវិជ្ជា នាពេលបច្ចុប្បន្ន។

ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមករកស៊ី បណ្តាក់ទុននៅខេត្តព្រះសីហនុ ដូច្នេះទាម ទារឱ្យយើងមានធនធានមនុស្សគ្រប់គ្រាន់ ពិសេសការបង្កើតក្រុមការងារជំនាញ ដើម្បីពង្រឹង ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ យើងត្រូវមានកត្តាសន្តិសុខ សុវត្ថិភាព បដិសណ្ឋាកិច្ច សេវាកម្មល្អ គួបផ្សំនឹងឆ្នេរសមុទ្រសស្អាត បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ជំរុញឱ្យខេត្តព្រះសីហនុស្រូបយកនូវកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគិនបន្ថែមទៀតនៅពេលខាងមុខ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ការ អភិវឌ្ឍខេត្តព្រះសីហនុ ក្នុងរយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការចាប់អារម្មណ៍ពីគ្រប់ មជ្ឈដ្ឋានទាំងក្នុងស្រុក និងក្រៅស្រុកពិសេសការអភិវឌ្ឍ វិស័យឧស្សាហកម្ម និង ទេសចរណ៍។ ដោយឡែកវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ ជាមធ្យមមានភ្ញៀវ ទេសចរមកសម្រាក លំហែកម្សាន្តមានប្រមាណជាង ២លាននាក់ ក្នុងមួយឆ្នាំ មានការកើន ឡើងពី១៥ ទៅ ២០ភាគរយ។ ទន្ទឹមនេះ ក្នុងឆ្នាំ២០១៨- ២០១៩ ខេត្តព្រះសីហនុ មានសណ្ឋា គារកម្រិតផ្កាយ ៣ ដល់ផ្កាយ៥ ដំណើរការបន្ថែមប្រហែលចំនួន ១០ទីតាំងផ្សេងទៀត និងមានបន្ទប់ស្នាក់នៅប្រមាណ ២.០០០បន្ទប់ ដែលជួយដោះស្រាយតម្រូវការស្នាក់នៅ របស់ភ្ញៀវទេសចរបន្ថែមទៀត។

   ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច មានតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍  និងជាបំពង់កសេដ្ឋកិច្ចរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេតែមួយគត់របស់កម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែក្លាយមុខមាត់យ៉ាងខ្លាំង ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីគ្របមជ្ឈដ្ឋាន ជាពិសេសលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយនឹងការអភិវឌ្ឍរីកចម្រើន ខេត្តព្រះសីហនុ ក៏បានជួបបញ្ហាលំបាកមួយចំនួនផងដែរ ដែលទាមទារឱ្យវិស័យរដ្ឋនិងឯកជន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ចូលរួមសហការ អភិវឌ្ឍ ប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕

ដោយ ងូ សុមុនី