អាជ្ញាធរខេត្តបន្ទាយមានជ័យប្រារព្ធទិវាទេសចណ៍ពិភពលោក និងបរិស្ថានជាតិរួមគ្នា​ដើម្បីបរិស្ថានស្អាត

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ សិស្សានុសិស្សជាង១០០០នាក់នៅក្នុងខេត្តបន្ទាយ​មានជ័យបានជួបជុំគ្នានៅសួនមានជ័យក្រុងសិរីសោភ័ណកាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកនិង​បរិស្ថានជាតិ ដោយបានប្តេជ្ញាជំរុញរួមគ្នាដើម្បីបរិស្ថានស្អាត។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍​ថា ​​​ការប្រារព្ធ ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ “​រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត​នេះឡើង​ក្នុង​គោលបំណង ចលនា​ឱ្យ​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំដាប់ សិស្ស និស្សិត​គ្រប់​ភូមិសិក្សា និង​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង ទីប្រជុំជន សំដៅ​រួមចំណែក​កសាង​សង្គម​កម្ពុ​ជាមាន​បរិស្ថាន​ស្អាត​និង​ស្រស់បំព្រង។​

លោកស្រី ប៉ុក ណាឌី បានជំរុញ​ឱ្យ​មហាជន​ទូទៅ ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត​ពី ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សំរាម​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយ ថ្ងៃនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យជាពិសេស ត្រូវ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការប្រើប្រាស់គ្រប់គ្រង ការ​វេច​ខ្ចប់ ការញែក​សំណល់​សំរាម ក៏ដូចជា​ផលប៉ះពាល់​ជា​វិជ្ជមាន​ផ្សេងៗ ដែល​បណ្តាលមកពី​កាក សំណល់ ទឹក​កខ្វក់ សំរាម​ប្លា​ស្ទិ​ក និង​សំណល់​គ្រោះថ្នាក់​ផ្សេងៗ ដែល​វា​ធ្វើ​ឱ្យមាន ផលប៉ះពាល់​ដ៏​យូរអង្វែង​ដល់​បរិស្ថាននោះ

អភិបាលរងខេត្តបន្ទាយមានជ័យលោកស្រី ប៉ុក ណាឌី ក៏បាន​ធ្វើការ​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង ក្រុង​​​​ទីប្រជុំជន​ត្រូវមាន​ស្មារតី ម្ចាស់ការ​ក្នុងការ​ធ្វើ​អនាម័យ និង​សម្អាត​តាម​គេហដ្ឋាន​រៀងៗ ខ្លួន​ព្រមទាំង​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ទីក្រុង​ មាន​បរិស្ថាន​ស្អាត មាន​ភាព​បៃតង​ស្រស់ បំព្រង​ស្រប​ទៅ​និង​ប្រធានបទ រួមគ្នា​ដើម្បី បរិស្ថាន​ស្អាត និង​ទិស​ស្លោក ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ហើយ​តាមរយៈ​នៃ ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នាពេលនេះ​និង​ប្រែ​ក្លាយទៅជា​សកម្មភាព​ឱ្យ​យើង​ទាំងអស់ គ្នា​បាន​យល់ដឹង​ពី​ករណី​កិច្ច​របស់ខ្លួន​ចំពោះ​បរិស្ថាន និង​ត្រូវ​ចាត់ទុក​បញ្ហា​បរិស្ថាន ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា​ដើម្បី​ជំរុញ​ឆន្ទៈ​របស់ខ្លួន​ដើម្បី​បុព្វហេតុ​បរិស្ថាន​ជាតិ​៕

ដោយឈុនសារ៉ាត