ត្រៀមគ្រូពេទ្យជិត៨០០នាក់ រថយន្តសង្គ្រោះ១៥គ្រឿង ចាំជួយសង្គ្រោះប្រជាពលរដ្ឋ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក អ៊ួង​ វុធ​ និងលោក​ ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៨នេះ មានការសន្និដ្ឋានប្រហាក់ប្រហែលគ្នាពីមន្ត្រីពាក់ពន្ធ័នានាក្នុងជួររដ្ឋាភិបាលថានឹងមានមហាជនចូលរួមច្រើនជាងឆ្នាំមុនៗ គឺដោយសារតែសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានការរីចម្រើន ស្ថានភាពនយោបាយល្អ មធ្យោបាយធ្វើដំណើរច្រើនសំបូរបែប ប្រពន្ធ័គមនាគមន៏ត្រូវបានជួសជុល និងធ្វើថ្មីបានស្អាត តភ្ជាប់ពីទីជនបទទៅទីប្រជុំជនក្នុងខេត្ត និងតភ្ជាប់ពីខេត្តទៅរាជធានីភ្នំពេញតែម្តង ។

ដោយសារតែមានការសន្និដ្ឋានបែបនេះ បានធ្វើឲ្យអាជ្ញាធរគ្រប់ស្ថាប័នដែលពាក់ពន្ធ័ បានត្រៀមរៀបចំផែនការលើសពីឆ្នាំមុនៗ ជាក់ស្តែងឆ្នាំនេះអាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកំលាំងយ៉ាងច្រើនសន្ទឹកសន្ធាប់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ចំណែកឯផ្នែកសុខាភិបាលក៏មានការត្រៀមលក្ខណៈខ្ពស់ជាងឆ្នាំមុនៗផងដែរ ។

វេជ្ជបណ្ឌឹត ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានត្រៀមផែនការពង្រាយគោលដៅទីតាំងសេវាសុខាភិបាល(ស្តង់សុខាភិបាល)ដែលមានក្រុមគ្រូពេទ្យរងចាំជួយសង្គ្រោះប្រជាពលរដ្ឋ ។

លោកបន្តថា ក្នុងរយៈពេលបួនថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនោះ មានការបោះស្តង់សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ ចំនួន១៥ក្រុម និងក្រុមគ្រូពេទ្យចល័ត ចំនួន១៦ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យ ព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។

វេជ្ជបណ្ឌឹត ងី មានហេង បានឲ្យដឹងទៀតថា ការបោះស្តង់ពិនិត្យ និងព្យាបាលសង្គ្រោះបឋមជូនបងប្អូនក្នុងដំណើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអ៊ុទូក៣ថ្ងៃនោះ គឺទី១-ស្តិតនៅកោះពេជ្រ ទី២- ស្ថិតស្តូបមិត្តភាពកម្ពុជា-វៀតណាម ទី៣- ស្ថិតបរិវេណរណសិរ្យផ្នែកខាងកើត ទី៤-ស្ថិតនៅមុខព្រះគម្លង់ ទី៥-ស្ថិតនៅផែថ្មខាងជើងភោជនីយដ្ឋានទីតានិក ទី៦-ស្ថិតនៅទីលានប្រជាធិបតេយ្យ ទល់មុខឃ្លាំងសាំងសូគីមិច ទី៧- ស្ថិតនៅត្រើយខាងកើត ទន្លេសាប នៅខាងជើងគល់ស្ពានជ្រោយចង្វារ និងទី៨-ស្ថិតនៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ។

លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានអការៈ ធីងធោង វិលមុខ ក្អួតចង្អោ ឬបញ្ហាសុខភាពកើតឡើងដោយប្រការណាមួយ សូមប្រញ៉ាប់ស្វែងរកស្តង់សុខាភិបាល ដើម្បី បានសំរាកនិងព្យាបាលជំងឺ ដោយឥតគិតថ្ងៃ ដែលមានគ្រួពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ។

លោកបន្ថែមថា ក្រៅពីស្តង់រង់ចាំពិនិត្យព្យាបាលជូនបងប្អូន មន្ទីរ បានសហការជាមួយក្រសួងសុខាភិបាល មានរថយន្តចាំសង្គ្រោះអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានក្រុមគ្រូពេទ្យប្តូរវេនគ្នា ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងមានរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃ២០ ដល់ថ្ងៃ២៣ខែវិច្ឆិកា ។

សូមបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំនេះ ប្រព្រិត្តទៅចាប់ពីថ្ងៃទី ២១ -២២ -២៣ ខែវិច្ឆិកា ។

​ គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៧កន្លងមកនេះ មានប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុករាគ និងខ្យល់ចាប់ ចំនួន ១៥.៥៣៧ នាក់ ក្នុងនោះ ប្រុសចំនួន១១.៥០១នាក់ និងស្រីចំនួន៤០៣៦នាក់ ដែលទទួលសេវាពិនិត្យ និងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់ ៕