អាជ្ញាធរខេត្តកំពង់ចាមកំពុងអន្តរាគមន៍ជួយសង្រ្គោះដំណាំស្រូវ ដែលគ្មានទឹកបានជាង៦.០០០ហិកតា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

មន្រ្តីជំនាដំណាំស្រូវរដូវវស្សា និងរដូវប្រាំង សរុបចំនួនជាងមួយម៉ឺន ហិកតា នៅស្រុកចំនួន ប្រាំមួយក្នុងខេត្តកំពង់ចាម កំពុងជួបគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរិ ប៉ុន្តែ គិតត្រឹមថ្ងៃទី ១១ ខែវិច្ឆិកា ខាងអាជ្ញាធរជួយ សង្រ្គោះបាន ៦.៣៨៤ ហិកតាហិកតា។

នៅក្នុងកិច្ចប្រជុំដោះស្រាយស្រូវដែលជួគ្រោះរាំងស្ងួតនេះលោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមបានលើកឡើងថា ដំណើរការចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ នៅស្រុកស្រីសន្ធរ ,ស្រុកព្រៃឈរ, ស្រុកជើងព្រៃ និងស្រុកកំពង់សៀម លើតំបន់ដែលមានប្រភពទឹកនោះ គឺចាប់អនុវត្តន៍ពីដើមខែវិច្ឆិកា នេះ។

លោក បានបន្តថា រយ:ពេលចំនួនជាង ១០ ថ្ងៃនេះ បានបូមទឹកសង្រ្គោះស្រូវរដូវវស្សាច្រើនជាងគេ គឺតំបន់មានប្រភពទឹកដែលមានស្ថានីយបូមទឹកដូចជា: ស្ថានីយបូមទឹកឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ,ស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ឃុំសំរោង ស្រុកព្រៃឈរ។

ប៉ុន្តែស្ថានីយភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ទើបបានដំណើរការបូមទឹកបញ្ចូលទរ ដាក់ប្រឡាយមេបាននៅថ្ងៃទី ១១ វិច្ឆិកាម្សឹលមិញនេះដោយបានប្រើម៉ាស៊ីនចំនួន បី គ្រឿងបូមទឹកបឹងធំ ផ្តល់ឲ្យម៉ាស៊ីក្នុងស្ថានីយ បូមរុញចូលប្រឡាយមេ។ លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាមបានឲ្យដឹងដែរថា ដំណាំស្រូវវស្សាដែលបានជួបគ្រោះរាំងស្ងួតមានចំនួន ៣៨ ឃុំ នៅក្នុងស្រុកចំនួន ប្រាំ មានផ្ទៃដីសរុបដែលរងគ្រោះចំនួនជាង ១៤.២៣៧ ហិកតា។ ក្នុងនោះអាកាសធាតុរាំងស្ងួតរបស់ទឹកភ្លៀងក៏បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រាំងចំនួន ១.០៧៤ ហិកតា នៅឃុំច្បារអំពៅ ,ឃុំសម្បូរ , ឃុំជើងព្រៃ និងឃុំត្រប់ នៃស្រុកបាធាយ។លោកបានឲ្យដឹងទៀតថា ចំនួន ៣៨ ឃុំដែលជួបគ្រោះរាំងស្ងួត គឺឃុំចំនួន ២៥ ដែលមានផ្ទៃដី ១១.៥៨៩ ហិកតា គ្មានប្រភពទឹកសម្រាប់បូមស្រោចស្រពសង្រ្គោះ និងចំនួន ១៣ ឃុំផ្សេងទៀតមានផ្ទៃដីចំនួន ២.៦៤៨ ហិកតា គឺពុំមានប្រភពទឹកច្បាស់លាស់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមស្នើឲ្យមន្រ្តីជំនាញ សហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាម្ចាស់ស្រែរងគ្រោះ បូមទឹកដាក់ស្រែដែលមានប្រភពទឹកចំនួនជាង ៥.០០០ ហិកតាទៀតដែលនៅសល់នោះ។ ប៉ុន្តែហាមដាច់ខាត ការទប់បញ្ចាល់ទឹក ផ្នែកខាងលើប្រឡាយមេ ដើម្បីផ្គត់ផ្គង់តែផ្នែកណាមួយ គឺត្រូវបើកចំហឲ្យដាក់ម៉ាស៊ីន បូមទឹកពីផ្នែកខាងលើ ដល់ផ្នែកខាងក្រោម នៃប្រឡាយមេ។

ឯកឧត្តមបន្តថា ចំពោះផ្ទៃដីស្រែគ្មានប្រភពទឹក សម្រាប់បូមទឹកស្រោចស្រពវិញ គឺត្រូវចូលរួមពិនិត្យ សិក្សាជាក់ស្តែងស្វែងរកប្រភពទឹក ឲ្យអស់លទ្ធភាព បន្ទាប់មកពិនិត្យលើទីតាំងដីដើម្បីជីកអណ្តូងបូមយកទឹកពីក្នុងដី ឡើងមកដាក់ក្នុងស្រែប្រជាពលរដ្ឋ។ ចំណែកអាជ្ញាធរ ត្រូវចុះស្រង់ចំនួនគ្រួសារដែលជួបគ្រោះរាំងស្ងួត ពិសេសស្រង់ឲ្យបានច្បាស់គ្រួសារអត់ទាំងប្រភពទឹក និងអត់ទាំងអណ្តូងទឹកបូមដាក់ស្រែនោះ៕