ប្រទេសអេត្យូពី , អេរីត្រេ និង សូម៉ាលី សន្យា ធ្វើការឆ្ពោះទៅរកការធ្វើសមាហរណកម្មថ្នាក់តំបន់

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ — តាមសេចក្តីថ្លែងការណ៍រួមមួយដែលផ្សាយដោយមេដឹកនាំទាំងបីកាលពីថ្ងៃសៅរ៍ឱ្យដឹងថា មេដឹកនាំប្រទេសអេត្យូពី , អេរីត្រ និង សូម៉ាលី បានសន្យាធ្វើការឆ្ពោះទៅរកការធ្វើសមាហរណកម្មតំបន់ស្នែង អាហ្រិ្វកនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed , ប្រធានាធិបតី អេរីត្រេ លោក Isaias Afwerki និង ប្រធានាធិបតី សូម៉ាលី លោក ​Mohamed Abdullahi Mohamed បាននិយាយថា ពួកគេនឹងធ្វើការឆ្ពោះទៅរកការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រតំបន់ស្នែងអាហ្វ្រិកសំដៅធ្វើឱ្យមានសន្តិភាព និងការធ្វើសមាហរណកម្ម ។

មេដឹកនាំទាំងបីបានចេញសេចក្តីថ្លែងការណ៍រួមនេះ នៅឯការបញ្ចប់ កិច្ចប្រជុំរយៈពេល២ថ្ងៃ ដែល ពួកគេបានធ្វើនៅក្នុងទីក្រុង Balhir Dar ប្រទេសអេត្យូពីភាគខាងជើង ជាកិច្ចប្រជុំលើកទី២ ដែលមេដឹកនាំទាំងបី បានធ្វើក្នុងពេល២ ខែ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា មេដឹកនាំទាំងបីបានពិនិត្យមើលឡើងវិញការអភិវឌ្ឍនិងការសម្រេចបានចាប់តាំងពីការចុះហត្ថលេខាលើសេចក្តីប្រការរួម Asmara ស្តីពីកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយកាលពីក្នុងខែកញ្ញា នឹងបានកត់សម្គាល់ដោយការ​ពេញចិត្តនូវលទ្ធផលជាក់ស្តែង និងជាវិជ្ជមានដែលបានចុះបញ្ជីនឹងបានព្រមព្រៀងគ្នារួចស្រេចហើយ ដើម្បីពង្រឹងសាមគី្គភាពនឹងការគាំទ្រគ្នាទៅវិញទៅមករបស់ពួកគេក្នុងការដោះស្រាយការប្រកួតប្រជែង ដែលពួកគេប្រឈមមុខរៀងៗខ្លួន និងជាសមូហភាព។

សេចក្តីថ្លែងការណ៍បាននិយាយថែមទៀតថា មេដឹកនាំទាំងបីក៏បានស្វាគមន៍ផងដែរការលុបចោលទណ្ឌកម្មដែលជិតកើតមានទាំងអស់លើប្រទេសអេរីត្រេ ព្រមទាំងបានគូសបញ្ជាក់នូវជំនឿទុកចិត្តរបស់ពួកគេថា ការលុបចោលទណ្ឌកម្មនេះ នឹងបញ្ជាក់អះអាងឡើងវិញនូវការសន្យារបស់ពួកគេចំពោះសន្តិភាពនិង កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ដែលមានរួមបញ្ចូលមួយ ។

ប្រទេសអេរីត្រេ បានទទួលរងនូវការដាក់ទណ្ឌកម្មគ្រឿងអាវុធ អ.ស.ប មួយចាប់តាំងពីឆ្នាំ ២០០៩ មកបន្ទាប់ពីពួកអ្នកជំនាញការ អ.ស.ប បានចោទប្រកាន់ប្រទេសអេរីត្រេពីបទផ្តល់ការគាំទ្រ ខាងនយោបាយ, ហិរញ្ញវត្ថុ និង ភ័ស្តុភារដល់ក្រុមប្រដាប់អាវុធដែលប្រឆាំង នឹងរដ្ឋាភិបាលកណ្តាល ក្នុងប្រទេសសូម៉ាលី ប្រទេសអេរីត្រ បានបដិសេធការចោទប្រកាន់នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )