មនុស្សជាង២៤នាក់ស្លាប់ក្នុងការវាយប្រហារ របស់ពួកតាលីបង់នៅអាហ្វហ្គានីស្ថានខាងកើត

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប៉ូលិសបាននិយាយថា មនុស្សជាង២៤នាក់ ដែលរួមមានជនស៊ីវិល១៥នាក់ផងត្រូវបានគេបញ្ជាក់ ថា ស្លាប់នៅពេលដែលពួកសកម្មប្រយុទ្ធបានវាយប្រហារស្រុក Jaghori ក្នុងខេត្តហ្គាស្នីភាគខាងកើត កាលពីថ្ងៃអាទិត្យ ។

អ្នកនាំពាក្យប៉ូលិសនៅក្នុងខេត្តដែលមានភាពច្រួលច្រាលនេះ លោក អាម៉ាដខាន់ស៊ីរ៉ាត បានប្រាប់ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ការវាយប្រហារដែលបានធ្វើឡើងដោយពួកឧទ្ទាមតាលីបង់នៅក្នុងតំបន់ Hotqul នៃស្រុក Jaghori នៅម៉ោង៣ព្រឹកម៉ោងក្នុងស្រុកនោះបានធ្វើឱ្យមនុស្ស២៥នាក់ ស្លាប់ដែលរួមមាន ជនស៊ីវិល១៥នាក់ និងភ្នាក់ងារសន្តិសុខ១០នាក់ ។

លោកបានបញ្ជាក់អះអាងថា ជនស៊ីវិលនិងបុគ្គលិកសន្តិសុខជាង១២នាក់ បានរងរបួសនៅក្នុងការ ប្រយុទ្ធគ្នានេះ ។ តាមអ្នកនាំពាក្យនោះឱ្យដឹងថា ការប្រយុទ្ធគ្នាបានចប់នៅម៉ោង៧ព្រឹកម៉ោងក្នុងស្រុក បន្ទាប់ពីពួក តាលីបង់បានទទួលរងការខូចខាតនឹងបានគេចខ្លួនពីតំបន់នេះ ។

ក្រុមសកម្មប្រយុទ្ធក៏បានបញ្ជាក់អះអាងផងដែរពីការប្រយុទ្ធគ្នានៅក្នុងតំបន់ Hotqul ដោយបាន ប្រកាសថា បុគ្គលិកសន្តិសុខ២៥នាក់ត្រូវបានគេសម្លាប់ ។ ពួកសកម្មប្រយុទ្ធតាលីបង់បានបើកការវាយលុកធ្វើឱ្យភ្ញាក់ផ្អើលទៅលើស្រុក Jaghori ដែលមាន សន្តិភាពកាលពីថ្ងៃពុធ ហើយចាប់តាំងពីពេលនោះមកការប្រយុទ្ធគ្នារបេះរបោះ ត្រូវបានគេរាយការណ៍ ឱ្យដឹង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )