អង្គកឋិនទានសាមគ្គីរដ្ឋបាលខេត្តបន្ទាយមានជ័យដង្ហែទៅកាន់វត្ត​​​គិរីធម្មសាធ​រុក្ខារាម ស្រុកម៉ាឡៃ

AKP បន្ទាយមានជ័យ ថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០១៨ –អង្គកឋិនទានសាមគ្គីរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម​ សួន​ បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងមានការចូលរួមពីប្រជាពុទ្ធបរិស័ទបាន​​ដង្ហែចូលវត្តគិរីធម្មសាធរុក្ខារាម (ភ្នំកៅបី) ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ កាលពីថ្ងៃអាទិត្យ ៤កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដោយប្រមូល បច្ច័យបានចំនួន ៥៤លានរៀល

ថ្លែងក្នុងពិធីជួបជុំនៃអង្គកឋិនទាន​នេះឯកឧត្តម​ សួន​ បវរ​ បានមានប្រសាសន៍ថា ការ មូលមតិគ្នាផ្តួចផ្តើមធ្វើអង្គកឋិនទាននេះ ឡើងគឺដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផល នានាក្នុងវត្តនៅស្រុកជាយដែនមួយនេះឱ្យ​មានការរីកចម្រើនបន្ថែមទៀត

ឯកឧត្តមអភិបាល​ខេត្តបន្ទាយ បានគូសបញ្ជាក់ថា ការដែលយើងបានជួបជុំគ្នាប្រារព្ធ ធ្វើពិធី​បុណ្យទានដោយក្តីសប្បាយរីករាយទាំងនេះ គឺកើតឡើងដោយសារតែប្រទេសជាតិ យើងមានសុខសន្តិភាពពេញលេញរក្សាបាននូវស្ថិរភាពនយោបាយនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែក​ពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធា​ដែលមានលទ្ធភាព និងឱកាសបានធ្វើបុណ្យទាន តាមទំនៀមទម្លាប់ប្រពៃណី ជាពិសេសបាន ចូលរួមកសាង និងថែរក្សាការពារបាននូវវប្បធម៌ ប្រពៃណីជាតិដែលមានតាំងពីបុរាណកាលមក។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួន បវរ ក៏បានសំណូមពរដល់បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងអស់ជាពិសេសយុវជនត្រូវចូលរួមទាំងអស់គ្នាគោរពនិងថែរក្សាការពារនូវវប្បធម៌ប្រពៃណីជាតិខ្មែរយើងឱ្យបានខ្ជាប់ខ្ជួនបំផុត ​និងនៅគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយ​ទៀត។

សូមរម្លឹកថា បុណ្យកឋិនទានជាបុណ្យប្រពៃណីជាតិខ្មែរ ដែលបានកំណត់នូវពេល វេលាជាក់លាក់ គឺក្នុង១ឆ្នាំម្តង ដែលមានរយៈពេលចំនួន២៩ថ្ងៃ សម្រាប់ឱ្យពុទ្ធបរិស័ទគោរព ប្រណិប័តន៍ ដោយចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ហើយសម្រាប់ ១វត្ត អាចទទួលបានអង្គកឋិនដង្ហែចូលបានតែ១ដងគត់៕

ដោយ ឈុន សារ៉ាត