ព្រះមហាក្សត្រ ស្ដេចយាងពន្លត់ភ្លើងជ័យក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ –​ បន្ទាប់ពីភ្លើងជ័យដែលត្រូវបានប្រទានដោយ ព្រះមហាក្សត្រ ក្នុងរយៈពេលបីថ្ងៃ ចាប់​ពី​ថ្ងៃ​ទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៨ នៅវិមានឯករាជ្យ ក្នុងឱកាសខួប​អនុស្សាវរីយ៍​លើ​ក​ទី​៦៥ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួប​ទី៦៥​(១៩​៥៣-២០១៨) ដែលបានប្រព្រឹត្តទៅ ដោយភាពជោគជ័យ និងសប្បាយរីករាយមកនោះ ព្រះ​រាជពិធីពន្លត់ភ្លើងជ័យក៏ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃអាទិត្យ ៤កើត ខែកត្ដិក ឆ្នាំច សំរឹ​ទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមព្រះរាជាអធិបតី​ភាពដ៏​ខ្ពង់​ខ្ពស់​របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះ​រា​ជា​ណាចក្រកម្ពុជា។


យាងនិងអញ្ជើញ ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះដែរ មានវត្តមាន សម្ដេចវិបុល ​សេ​នា​​​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា សម្ដេ​ច​​ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ព្រះ​ប​រ​ម​រាជវាំង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច​ពិ​ជ័​យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ព្រមទាំង​មានការចូលរួមពី ឯក​ឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដា​អង្គ​ទូត​នៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពល​រ​ដ្ឋ ​លោកគ្រូ អ្នកគ្រូ និស្សិតសិស្ស យ៉ាងច្រើនកុះករ។ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ត្រូវ​បាន​ពន្លត់​ដោ​យព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង នៅលើ​វិមាន​ឯករាជ្យដែលដង្ហែព្រះរាជដំណើរ ដោ​យ​សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចអគ្គ​មហាពញាចក្រី ហេង សំរិន សម្ដេច​អគ្គ​ម​ហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា សម្ដេ​ច​​ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ព្រះ​ប​រ​ម​រាជវាំង ស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច​ពិ​ជ័​យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កង​យោ​ធ​ព​​​លខេមរភូមិន្ទ ថ្វាយគារវកិច្ចរួចមក សម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេច​ព្រះ​​​​សង្ឃ និងព្រះ​រាជា​គណៈ៩អង្គស្វាធ្យាយជយន្តោ។ បន្ទាប់ពីការគោរពទង់ជាតិបិទកម្មវិធី ដោយមាន នាយ​ទាហាន ៨រូប ស្រាយទង់ជាតិ បត់ស្អាត ហើយ ដើរដង្ហែឆ្ពោះទៅកាន់អង្គភាព​កង​​​កិត្តិយស-ត្រែទ័ពរួចមក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាង សំណេះ​សំ​ណា​លថ្លែង​អំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការអង្គទូត និងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដើម្បីស្ដេចយាងនិវត្តន៍ទៅកាន់ព្រះបរមរាជវាំងវិញ។ ដោយឡែកនៅរាត្រី ថ្ងៃ​​ដដែល នេះដែរក៏មានពិធីអុចកាំជ្រួចនៅមុខព្រះបរមរាជវាំង និងការសម្ដែងសិល្បៈជូនប្រ​ជា​រាស្ត្រ​ទស្សនាតាមទីធ្លាសាធារណៈមួយចំនួនផងដែរ។

គួរបញ្ជាក់ដែរថាបើយោងតាមព្រះរាជសន្ទរកថា របស់ព្រះករុណាព្រះបាទសម្ដេច ព្រះ​បរ​មនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះ​រា​ជា​ណាចក្រកម្ពុជា ក្នុងឱកាសមីទ្ទិញរម្លឹក​ខួប​​អនុស្សាវរីយ៍​លើ​ក​ទី​៦៥ នៃទិវាបុណ្យឯ​ក​រាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកង​យោធព​ល​ខេម​រភូមិន្ទ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខព្រះបរមរាជបានឱ្យដឹងថា ខួបអនុ​ស្សា​វ​រីយ៍​លើ​ក​ទី​៦៥ នៃទិវាបុណ្យឯ​ក​រាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពល​ខេមរភូមិន្ទ គឺជាទិ​វា​​ប្រវត្តិ​សាស្ត្រមានតម្លៃ​បំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួលនូវ​ឯករាជ្យ​បរិបូ​ណ៌​ និង​សិទ្ធិ​សេរីភាពដ៏ពិ​សិដ្ឋ ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយ​កិច្ចដ៏ឧត្ដុង​ឧត្ដ​ម​រ​ប​ស់​​ព្រះមហាវីរក្សត្រ ព្រះ​​នរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរម​រ​ត​ន​កោ​ដ្ឋ​ ជាទី​គោរពស​ក្កា​រៈ​​​ដ៏ខ្ពង់​ខ្ព​ស់បំផុត។ ព្រះអង្គបានរម្លឹកថា នៅក្នុងឆ្នាំ១៩៥២ ចលនារាជ​បូជ​នី​យ​កិច្ចដើម្បី​ឯករា​ជ្យ​​​ពេញ​ទី​នៃកម្ពុជាត្រូបានបង្កើតឡើង ប្រជារាស្ត្រកម្ពុជា​គ្រប់ភូមិឋាន បានចូ​ល​រួមក្នុងចលនា​ជី​វ​ពល​នារី​ក្លា​ហាន ហើយបានមករួមរស់ជាមួយ និង​ព្រះករុណាព្រះ​មហាវី​រក្ស​ត្រ ព្រះនរោត្ដម សី​ហ​នុ​ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​តំ​បន់​រំដោះខេត្តកំពង់ធំ ខេត្ត​​សៀ​​មរាប ខេត្តបាត់ដំបង។ នៅពេលនោះ​ដោយ​ឃើញថាខ្លួន អាច​ពើប​ប្រទះនូវ​គ្រោះ​ថ្នា​ក់​​​​យ៉ា​ង​ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើង​ផង​នោះ បារាំងក៏បាន​យល់​​ព្រម​ធ្វើ​ការជាមួយនិងខ្មែរ ដើម្បីផ្ទេរថ្វាយព្រះមហាក្សត្រ​នៃព្រះរា​ជា​ណាចក្រកម្ពុជាយើង នូវ​​អំ​ណា​ច និងសមត្ថកិច្ចលើ​វិស័យណាដែលខ្លួនមិនទាន់​បាន​ផ្ទេរ​មក​ជូនកម្ពុជា​ឯករាជ្យនូវ​ឡើ​យ​។ ឥស្សរជន និងជំនាញ​ការសំខាន់ៗបារាំង និងខ្មែរ​បានខិត​ខំ​ធ្វើ​​ការដ៏ត្រឹមត្រូវ នៅរាជ​ធានី​​ភ្នំ​ពេ​ញ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបាន​លទ្ធ​ផល​ដែល​ជាទីពេញចិត្ត​នៃ​ភា​គី​​ខ្មែរ។ ដែ​លនៅថ្ងៃនោះ​លោកអគ្គមេបញ្ជាការ​ សេនាធិការ ព្រមទាំង​កង​ទ័​ពបារាំង ជើងគោក ជើង​អា​កា​ស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលា​ព្រះ​ករុ​ណា​ព្រះមហាវីរក្សត្រ ព្រះ​ន​រោ​ត្ដ​ម​ សីហនុ ព្រះវររាជបិតាជាតិខ្មែរទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំ​ផុ​ត ហើយចាកចេញជា​ដា​ច់​ខាត ដោយមិន​វិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញឡើយ។ ដូ​ច្នេះ​ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិ​កា​ ឆ្នាំ​១៩​៥៣ ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើ និងសា​ធា​រ​ណរដ្ឋបារាំង គឺមាន​ឋា​នៈ​​​ជា​រដ្ឋ​​ឯករាជ្យពេញបរិបូរណ៍៕

ដោយ ជឹម ណារី