អភិបាលខេត្ដក្រចេះ អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃថ្ងៃបុណ្យ​ឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា

AKP ក្រចេះ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួប​អនុស្សាវរីយ៍លើកទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា នៅខេត្តក្រចេះ កាលពីថ្ងៃសៅរ៍ ៣កើត ខែ កក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។


ឯកឧត្ដម វ៉ា ថន បានបញ្ជាក់ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យ​ឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្រ្ត​ដែល​កម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយម​បារាំង​កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ក្រោមព្រះរាជបូជនីយ​កិច្ច​ដ៏ថ្លៃថ្លាឧត្ដុង្គឧត្តមនៃព្រះករុណព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។

ឯកឧត្ដម អភិបាលខេត្តក៏បានសម្តែងនូវក្តីរីករាយក្នុងចូលរួមអបអរសាទរខួបលើកទី៦៥ នៃបុណ្យឯក រាជ្យ​ជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហានរបស់យើង ដែលព្រះ ករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនគកោដ្ឋ បានបង្កើតឡើង និងបន្សល់​ទុកនូវស្នាព្រះហត្ថរបស់ព្រះអង្គរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាងពីទសវត្សរ៍ចុងក្រោយនេះ កម្ពុជា​ត្រូវបានគេទទួលស្គាល់ថាមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕

ដោយ ជួន សុជាតិ