អាជ្ញាធរខេត្តកំពង់ចាម កោះប្រជុំមន្ត្រីពាក់ពន្ធ័ ដាក់ផែនការជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងជួបគ្រោះរាំងស្ងួតនៅតាមូលរដ្ឋាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានអះអាងថា ឃុំចំនួន៣៨ ស្ថិតក្នុងស្រុកចំនួន៥ ដែលមានផ្ទៃដីជាង ១៥.៣១១ ហិតា ក្នុងនោះស្រូវវស្សាចំនួន ១៤.២៣៧ហិតា ស្រូវប្រាំង ១.០៧៤ហិតា បាន និងកំពុងជួបគ្រោះរាំងស្ងួត ។

ក្រោយពីចុះពិនិត្យស្ថានភាពជាក់ស្តែងគ្រោះរាំងស្ងួតនៅតាមមូលដ្ឋានរួចមក នៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានកោះប្រជុំជាបន្ទាន់ជាមួយមន្ត្រីពាក់ពន្ធ័ ដើម្បីរិះរកវិធានការ និងដាក់ផែនការជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងវិញ ។

ឯកឧត្តម គួច ចំរើន បានណែនាំអោយមន្រ្តីជំនាញយកចិត្តទុកដាក់ពីកន្លែងរាំងស្ងួតដែលគ្មានប្រភពទឹក និងកន្លែងរាំងស្ងួតដែលមានប្រភពទឹក ដើម្បីស្វែងរកវិធានការជួយសង្រ្គោះឲ្យបានទាន់ពេលវេលា ។ឯកឧត្តម បញ្ជាក់ថា សម្រាប់វិធានការដំបូង គឺត្រូវបូមទឹកជួយសង្រ្គោះស្រូវ ដោយមិនអាចបង្អែរបង្អង់បានឡើយ ព្រោះពួកគាត់កំពុងតែត្រូវការជំនួយជាបន្ទាន់ពីសំណាក់អាជ្ញាធរនៅតាមូលរដ្ឋាន។ជាពិសេសត្រូវប្រើប្រាស់ វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប និងសកម្មភាពសរុប ក្នុងការជួយរៀបចំ ក៏ដូចជាមានលទ្ធភាពក្នុងការជួយសង្គ្រោះស្រូវរាំងស្ងួតរបស់ប្រជាកសិករយើង។

លោក អុំ វិបុល ប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរឧតុនិយម ខេត្តកំពង់ចាម បានរាយការណ៍ថា ការបូមទឹកជួយសង្រ្គោះស្រូវរាំងស្ងួតមានចំនួន ៦៣៤៤ហិតា។ លោកបញ្ជាក់ថា ដោយឡែកផ្ទៃដីដែលរងគ្រោះច្រើនជាងគេ នៅស្រុកព្រៃឈរ មានចំនួន ៥.០៤៩ហិតា និងមានឃុំចំនួន ៥ដែលមិនមានប្រភពទឹកហើយជួបគ្រោះរាំងស្ងួតទៀត ចំនួន ១.៥៧១ហិតា ផងដែរ ។

សូមបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំចប់ ឯកឧត្តម គួច ចំរើន បានដឹកនាំមន្រ្តីជំនាញ បន្តចុះពិនិត្យជាក់ស្តែងនៅតាមមូលដ្ឋានផ្សេងៗទៀត ៕