ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី៩ នៅទីក្រុងបាងកក

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ។
បើតាមទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា កិច្ច​ប្រជុំនេះប្រារព្ធឡើងក្រោមប្រធានបទ “វឌ្ឍនភាពក្នុងការអនុវត្តផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ និងគម្រោងរួមចំនួន២០ សម្រាប់ឆ្នាំ ២០១៨-២០២០” ដែលមានឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និងឯកឧត្តម Kim Jeong Ryeol អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការដឹកជញ្ជូន ក្រសួងដែនដី, ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ ជាសហប្រធានដឹកនាំកិច្ចប្រជុំ។
ប្រភពដដែលបន្តថា ក្នុងឱកានោះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពក្នុងការអនុវត្តផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ និងគម្រោងរួមចំនួន២០ សម្រាប់ឆ្នាំ ២០១៨-២០២០ ព្រមទាំងការបញ្ចប់គម្រោងនៅក្នុងឆ្នាំ២០១៨ ដូចខាងក្រោម៖
ក.ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ផ្លូវដែកតភ្ជាប់ Vung Ang – Tan Ap – Mu Gia (វៀតណាម) ជាមួយ Thakhek – Vientiane (ឡាវ)
ខ.ការសិក្សាសមិទ្ធិលទ្ធភាពលម្អិតសម្រាប់លើកម្រឹតផ្លូវជាតិលេខ៨ នៅលើបណ្តាញផ្លូវអាស៊ានហាយវ៉េ១៥ (AH15) នៅក្នុងប្រទេសឡាវ
គ. ផែនការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងភស្តុភាកម្ម តាមរយៈ ការអភិវឌ្ឍផែស្ងួត នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង
ឃ.គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន Da Nang – Quang Ngai – កញ្ចប់ CS2:សេវាត្រួតពិនិត្យគម្រោង។


រដ្ឋមន្ត្រីអាស៊ាន-កូរ៉េ ក៏បានស្វាគមន៍ចំពោះលទ្ធផលប្រកបដោយជោគជ័យ នៃវេទិកាកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េលើកទី៩ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េកន្លងមក និងបានគាំទ្រការអនុវត្តគម្រោង/សកម្មភាពសំខាន់ៗនៅឆ្នាំក្រោយ ដូចខាងក្រោម៖
ក.កម្មវិធីបណ្តុះបណ្តាល ស្តីពីគោលនយោបាយផ្លូវដែក និងសុវត្ថិភាព
ខ.កម្មវិធីបណ្ដុះបណ្ដាល ស្តីពីគោលនយោបាយភស្តុភារកម្ម និងបច្ចេកវិទ្យា
គ.កម្មវិធីបណ្ដុះបណ្ដាល ស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុងប្រកបដោយចីរភាព និង
ឃ.កម្មវិធីបណ្តុះបណ្តាល ស្តីពីក្នុងគោលនយោបាយសំណងដីធ្លី និងបច្ចេកវិទ្យា។


រដ្ឋមន្ត្រីដែលបានចូលរួមទាំងអស់ បានកត់សម្គាល់ដែរថា ការសិក្សាសម្រាប់គម្រោងអភិវឌ្ឍន៍ធ្វើឱ្យប្រសើរឡើង ការដឹកជញ្ជូនតាមផ្លូវទឹក នៅក្នុងប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (T-CLMV) ត្រូវបានបញ្ចប់ ក្រោមជំនួយបច្ចេកទេសពីសាធារណរដ្ឋកូរ៉េ។ ការសិក្សានេះមានគោលដៅបង្កើតឱ្យមានផែនការថ្នាក់តំបន់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក សំដៅពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន និងពាណិជ្ជកម្ម រវាងបណ្តាប្រទេសអាស៊ានជាពិសេសនៅក្នុងបណ្តាប្រទេស T-CLMV ។

ពាក់ព័ន្ធនឹងសេវាកម្មអាកាសចរណ៍ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ បានស្វាគមន៍ចំពោះការចាប់ផ្តើមឡើងវិញកិច្ចចរចា ស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន-កូរ៉េ និងបានស្វាគមន៍ការរៀបចំកិច្ចប្រជុំទី២ នៃក្រុមការងារអាស៊ាន-កូរ៉េ ស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍តំបន់ នៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខនេះ។ បណ្តារដ្ឋមន្ដ្រីទាំងអស់ បានបញ្ជាក់ជាថ្មីម្តងទៀត ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងការតភ្ជាប់បណ្តាញផ្លូវអាកាសរវាងប្រទេសអាស៊ាន និងកូរ៉េ និងក្រៅពីនេះ ព្រមទាំងការបញ្ចប់កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ ដែលកាន់តែបើកទូលាយ និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក៕

សុទ្ធា​រិទ្ធ, FM 96MHz