រដ្ឋាភិបាលអូស្ត្រាលីបង្កើតគម្រោងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីបរិស្ថានស្អាតនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨ –រដ្ឋាភិបាលអូស្ត្រាលីបានបង្កើតគម្រោងប្រើប្រាស់ថាមពលកកើតឡើងវិញនៅខេត្តចំនួន ៥ ដូចជាខេត្តកំពត កណ្តាល ស្វាយរៀង តាកែវ និងខេត្ដព្រៃវែង ហើយបើគម្រោងនេះ ទទួលបានជោគជ័យ អង្កការ«អាយហ្វាត»របស់ប្រទេសអូស្ត្រាលី និងបន្តពង្រីកឱយបានទៅដល់គ្រប់ខេត្តគោលដៅនៅទូទំាំងប្រទេសកម្ពុជានាឆ្នាំ២០២០។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងការកកើតឡើងវិញថាមពលស្អាត កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី  Bridge Tmcintosh នាយកប្រចាំប្រទេសកម្ពុជា និងប្រចាំអាស៊ី និងជាប្រធានគម្រោងរបស់ ENERGY Week Cambodia បានបញ្ជាក់ ថាកម្មវិធីថ្ងៃនេះ គឺចង់បង្ហាញពីគម្រោង នៃការបង្កើតថាមពលកកើតឡើងវិញ ថាមពលស្អាត ដូចជាខ្យល់ ពន្លឺព្រះអាទិត្យ និងទឹកជាដើម។ លោកស្រីបន្ថែមថា មូលហេតុដែលបង្កើត គម្រោងកកើតឡើងវិញថាមពលស្អាតនេះ ដោយសារតែចង់ឱ្យមនុស្សយល់ដឹងពីការប្រើ ប្រាស់ថាមពលកកើតឡើងវិញ ក្នុងន័យរក្សាបរិស្ថាននៅពេលអនាគត។ លោកស្រីបាន​ពន្យល់ថា សម្រាប់អត្ថប្រយោ​ជន៍ពីថាមពលកកើតឡើងវិញ គឺទាញយកពន្លឺព្រះអាទិត្យ​ពីសូឡាមកប្រើប្រាស់ជាភ្លើងចង្ក្រានចម្អិនអាហារ ភ្លើងបំភ្លឺក្នុងភូមិដ្ឋានជាដើម។ ចំណែក ខ្យល់ក៏អាចយកទៅប្រើប្រាស់ជាថាម​ពលកកើតឡើងវិញបានដែរ ដោយយកវាមកប្រើជា មួយតួប៊ីនឱ្យវិលផលិតជាចរន្តអគ្គិសនី។ ក្រៅពីនេះ កាកសំណល់ចេញពីសំណល់កសិកម្ម ក៏អាចយកមកដុតដើម្បីបង្កើតបានជាថាម​ពល  រីឯចលនារលកទឹកសមុទ្រក៏អាចច្នៃប្រឌិត ទាញយកមកប្រើប្រាស់បង្កើតជាថាមពលបានដែរ។ លោកស្រីបានបញ្ជាក់ថា ការប្រើប្រាស់បច្ចេកទេសថ្មីៗទាក់ទងថាមពលកកើតឡើងវិញនេះ ចំណេញថវិកាជាងការប្រើប្រាស់ថាមពលអគ្គិសនី  ហើយថាមពលកកើតឡើងវិញមានអត្ថប្រយោជន៍ច្រើន ជួយដល់ប្រជាកសិករក្នុងការងារបង្កបង្កើនផល តាមរយៈការប្រើប្រាស់សូឡាទាញថាមពលកកើតឡើងវិញមកប្រើប្រាស់បូមទឹកចល័តបានច្រើនម៉ោង បានគ្រប់ពេលវេលាទាំងទីជិត និងទីឆ្ងាយ ដោយមិនបាច់ មានភ្លើងអគ្គិសនី ឬក៏ប្រើ​ម៉ាស៊ីនភ្លើងចំណាយប្រេងសាំង គឺចំណាយថវិកាច្រើន។ ចំពោះ គុណភាពរបស់សូឡាសម្រាប់ទាញយកពន្លឺព្រះអាទិត្យមកប្រើប្រាស់ជាថាម​ពល​កកើតឡើង វិញ គឺចំណាយតែម្តងប្រើប្រាស់បានរហូតដល់១០ឆ្នាំ ទោះបីវាខូច តែខូចតិចតួចលើបញ្ហា តែបច្ចេកទេសប៉ុណ្ណោះ។

លោកស្រីក៏បានឱ្យដឹងទៀតថា នេះជាលើកទីមួយហើយសម្រាប់កម្ពុជា ជាប្រទេសដែលមានអាទិភាពខ្លាំងក្នុងការទាញយកពន្លឺព្រះអាទិត្យតាមរយៈបន្ទះសូឡា ដើម្បីបង្កើតជាអគ្គិសនីប្រើប្រាស់។ ក្រៅពីនេះ សម្រាប់កម្មវិធីថាមពលកកើតឡើងវិញនេះខាងរដ្ឋាភិបាលអូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន ចិន និងបណ្តាប្រទេសផ្សេងទៀត បានកំពុងតែចាប់អារម្មណ៍លើថាមពលកកើតឡើងវិញនេះ។ លោកស្រីបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យជួយជំរុញប្រជាជនកម្ពុជាងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញនេះឱ្យបានច្រើនដើម្បី កាត់បន្ថយការចំណាយថវិកានៅក្នុងការរស់នៅ ព្រមទាំងជួយកសិករអាចទាញយកថាមពល ពីសូឡាមកបង្កបង្កើនផលបានល្អ និងបានច្រើនជាងមុនទៀតផង៕

ដោយ ប៉ាល់ សុង