ឯកឧត្ដម អូស្មាន ហាស្សាន់ អញ្ជើញទៅចូលរួម វេទិកាសេដ្ឋកិច្ចពិភពចិន WCEF នៅប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្ដម  អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានទៅចូលរួមវេទិកា​សេដ្ឋ​កិច្ច​​​ពិភពចិន (World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី១០ ដែលប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ TUN Dr. Mahathir Mohamad នាយក​រដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី  ចាប់ពីថ្ងៃទី៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានឱ្យដឹងថា វេទិកានេះ នឹងមានវាគ្មិនសំខាន់ៗដែលជា សមាជិក​ចំនួន៦០០នាក់ មកពី១៦ប្រទេស និងមានការ​អញ្ជើញ​​ចូលរួមពី ឯកឧត្ដម  H.E Shaukat Aziz អតីតនាយក​រដ្ឋ​មន្ត្រីប៉ាគីស្ថាន និងបណ្តាថ្នាក់ដឹកនាំ​ ក្រសួង ស្ថាប័ន ប្រធានក្រុមហ៊ុន​ធំៗ​  ធុរជន សភាពាណិជ្ជកម្មមកពីប្រទេសអូស្រ្តាលី ចិន កាតា​ រុស្ស៊ី ​សហរដ្ឋអាមេរិកអង់គ្លេស កម្ពុជា កូរ៉េ រ៉ូម៉ានី ប៉ាគីស្ថាន តួកគី អ៊ីតាលី អាហ្វហ្កានីស្ថាន កាហ្សាក់ស្ថាន ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។

     ឯកឧត្ដមបានបន្តថា WCEF មានរយៈ​ពេ​លពីរថ្ងៃ ផ្តោត​​សំខាន់​​​​នូវស្ថាន​ភាព​ទូទៅ​លើ​ការ​​អភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ ធនាគារ សិក្សាធិការ បច្ចេកវិទ្យា ទេសចរណ៍​ ការវិនិ​យោគ​សេដ្ឋ​​កិ​ច្ច​បែប​ទំនើប សុខាភិបាល និង វិស័យ​ពាណិជ្ជ​កម្ម​ ពណ៌បៃតង​ជា​ដើម។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្រោយបញ្ចប់បេសកកម្មនេះ នៅចុងឆ្នាំ២០១៨ ឯកឧត្ដម នឹងដឹកនាំគណៈប្រតិភូ កម្ពុជាទៅចូលរួមក្នុងវេទិកាសំខាន់ៗ តាមបណ្តាប្រទេសផ្សេងៗទៀត ចាប់ពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា ហើយនឹងបន្ដទៅសិង្ហបុរីពីថ្ងៃទី ៧-៩ ខែធ្នូ នៅឥណ្ឌូណេស៊ី, ពីថ្ងៃទី១២-១៤ ខែធ្នូ នៅអារ៉ាប៊ីសាអូឌីត, ពីថ្ងៃទី ២៤-១៦ ខែធ្នូ នៅប្រទេសព្រុយណេ និងដារ៉ូសាឡឹម៕  

ដោយសួស សំរិត