ប្រកាសបិទវគ្គបណ្តុះបណ្តាលកីឡាអុកចត្រង្គ ​និងកាយវប្បកម្ម

AKP ភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងហាត់ប្រាណ និងវគ្គបណ្តុះ បណ្តាលគ្រូបង្វឹក កីឡាអុកចត្រង្គកម្ពុជា ដែលរៀបចំឡើងដោយសហព័ន្ធជំនាញ ទាំងពីរបានបញ្ចប់ជាស្ថានពរ ដែលមានរយៈពេល៧ថ្ងៃនោះត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ក្រោមជំនួយឧបត្ថម្ភថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។

លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគ្រូបង្វឹកកីឡាទំាង២ប្រភេទ ចំនួន៦៩នាក់ ក្នុងកីឡាអុកចត្រង្គកម្ពុជាមានសិក្ខាកាមចំនួន៣៣នាក់ និងកីឡាកាយវប្បកម្ម និង ហាត់ប្រាណ មានសិក្ខាកាមចំនួន៣៦នាក់។ លោកបានបន្ដថា សិក្ខាកាមអុកចត្រង្គទទួលលទ្ធផលល្អចំនួន១៨នាក់ មធ្យមចំនួន១៥នាក់ ខណៈសិក្ខាកាមកាយវប្បកម្ម ទទួលបានលទ្ធ ផលល្អណាស់ចំនួន១៣នាក់ ល្អចំនួន១៥នាក់ និងលទ្ធផលមធ្យមចំនួន៨នាក់។ សម្រាប់ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យអភិវឌ្ឍន៍វិស័យកីឡាទាំងពីរឱ្យទទួលផ្លែផ្កា សម្រាប់ការប្រកួត ថ្នាក់ជាតិ និងអន្តរជាតិ នាពេលខាងមុខ។

គួរបញ្ជាក់ថា ក្នុងពិធីបិទនេះមានការចូលរួមជាអធិបតីពីលោក ម៉ិល កាដូ អគ្គនាយករងកីឡា, លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងលោក ស៊ីម សុកមង្គលរស្មី ប្រធានខេមរៈសហព័ន្ធ កីឡាកាយវប្បកម្ម និងហាត់ប្រាណ៕

ដោយ ហេង ណាលីន