ការធ្វើទូក ង វែងជាងគេ ដែលបំបែកកំណត់ត្រាពិភពលោក គឺចង់ឱ្យទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងសៀវភៅWorld Guinness Record

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស....) និងជាប្រធានគណៈកម្មការកសាងទូក ងវែងជាងគេនៅលើពិភពលោកបានថ្លែងថា ការធ្វើទូកងនេះធ្វើឡើង ​មិនមែនចង់ត្រឹមតែឱ្យវែងជាងគេ ហើយបំបែកកំណត់ត្រាពិភពលោកនោះទេ ពោលគឺចង់ឱ្យទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងសៀវភៅ World Guinness Record ជាសាធារណៈ។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨  ឯកឧត្ដម ស សុខា បានមានប្រសាសន៍ថា ទូក នេះ យើងបានចាប់ផ្ដើមមុនដំបូង​នៅលើក្រដាសស ហើយឈានទៅដល់ចេញជារូបរាង ​មានភាពអស្ចារ្យ ដែលគោលបំណង នៃការបង្កើតទូក វែងនិងធំបំផុតនេះ មិនមែនចង់ឱ្យគេឃើញវែងជាងគេ ដើម្បីបំបែកកំណត់ត្រានោះទេ ប៉ុន្ដែពេលដែលយើងបើកសៀវភៅ World Guinness Record គឺឃើញទូកមកពីប្រទេសកម្ពុជារបស់យើង មានទង់ជាតិនៅក្នុងសៀវ ភៅ

ឯកឧត្ដម ស សុខា បានបន្តថា គោលបំណងផ្សេងទៀតនៃ​ការកសាងទូកនេះ ដើម្បីទាកទាញទេសចរណ៍ ក៏ដូចជាបង្ហាញនូវសមិទ្ធផលផ្សេងទៀតផងដែរ ជាក់ស្ដែងទូក វែងជាងគេនេះនឹងត្រូវយកមកដាក់បង្ហាញឱ្យមហាជន បានទស្សនានៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅដាក់តាំង នៅមុខវាលព្រះមេនរុ រយៈពេល១០ថ្ងៃទើបយក ទៅរក្សាទុកខេត្តព្រៃវែង វិញ។

      ឯកឧត្ដម ស សុខា ក៏បានបញ្ជាក់ផងដែរថា គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះគឺមានរយៈពេលជិត៧ខែ ពោលមានចំនួន១៩២ថ្ងៃ ដោយមានទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ដែលរស់នៅជុំវិញខេត្តព្រៃវែង សមាជិក ស.ស.យ.ក. សរុបចំនួន ​១៤.០០០​នាក់ ​បានចូលរួមកសាង ដោយ​ចំណាយថវិកាប្រហែល ៦ម៉ឺនដុល្លារអាម៉េរិក ដោយមិនទាន់បូកបញ្ចូលលើការចំណាយផ្សេងៗ។

    ឯកឧត្ដមមានប្រសាសន៍បន្តថា សមិទ្ធផលដែលបានលេចចេញជារូបរាងនេះ ​នឹងត្រូវរៀបចំពិធីបំបែកកំណត់ត្រាទូក ង វែងជាងគេលើពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រោអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ ដែលនឹងរៀបចំនៅខេត្តព្រៃវែង តំបន់អ្នកលឿងត្រើយខាងកើត។

ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា ទូក វែងជាងគេនៅលើពិភពលោកនេះ មិនមែនធ្វើមកដើម្បីប្រណាំងនោះទេ ពោលគឺចង់បង្ហាញពីស្នាដៃរបស់កូនខ្មែរ ដែលបានខិតខំរួមរួបសាមគ្គីគ្នា ដែលនឹងបន្សល់ទុកនូវស្នាដៃជូនកូនខ្មែរជំនាន់ក្រោយ ដែលដូចពាក្យស្លោកបញ្ជាក់ថា «ខ្មែររួមគ្នា ខ្មែរសាមគ្គី គឺខ្មែរឈ្នះ»

លោក ងិន បាណាល់ អនុប្រធានគណៈកម្មការកសាងទូក ង វែងជាងគេ ក៏បានបញ្ជាក់ថា ទូកងនេះធ្វើចេញពីដើមគគីរចំនួន៦ដើម ដែលមាន ៥តំណ ដោយ៣តំណនៅតួទូក និង២តំណទៀត នៅក្បាលទូក និងកន្សៃ ដោយឡែកច្រវាត្រូវបានធ្វើឡើងពីឈើស្រឡៅ។សម្រាប់ការបំបែកកំណត់ត្រានេះ World Guinness Record បានកំណត់នូវគោលការណ៍សំខាន់ៗចំនួន៣ ដើម្បីឱ្យគណៈកម្មការបំពេញដោយលក្ខខណ្ឌ ទី១- សម្រាប់ទូកនាគដែលវែងជាងគេ ផ្ដោតទៅលើការរចនា របៀបផលិត និងវត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់ការផលិត ត្រូវទទួលបានការឯកភាពពីសហព័ន្ធទូកនាគអន្ដរជាតិ លក្ខខណ្ឌទី២- គឺជាលិខិតផ្លូវការមួយ​ពីសហព័ន្ធទូកនាគអន្ដរជាតិ ដើម្បីបញ្ជាក់ថា ទូករបស់កម្ពុជាជា ទូកនាគ លក្ខខណ្ឌទី៣-ការបរិយាយលម្អិតអំពីការផលិតទូក។

     លោកបន្ដថា ទូក ង របស់កម្ពុជាដែលត្រៀមបំបែកឯកទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានប្រវែងរហូតដល់ ៨៧.៣ម៉ែត្រទទឹង១.៩៤​ម៉ែត្រ និងជម្រៅ ០.៨ម៉ែត្រ ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ ក្នុងនោះ១០០នាក់ មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។ ទូកមួយនេះត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត។ ទាំងអស់នេះជាមោទនភាពសម្រាប់អ្នកខេត្តព្រៃវែង និយាយដោយឡែក និងនិយាយជារួម គឺប្រទេសកម្ពុជាតែម្ដង ដែលបានសាងសង់ទូក បំបែកកំណត់ត្រាពិភពលោក ខណៈប្រទេសចិនជាម្ចាស់កំណត់ត្រាទូក វែងជាងគេនេះនៅលើពិភពលោក នាពេលបច្ចុប្បន្ន៕

ដោយសួស  សំរិត