ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជាមួយភាគីរដ្ឋ និងឯកជន ក្នុងវិស័យផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឱ្យបានទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –កាលពីថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹក ចិត្តដល់វិស័យរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវខិតខំ បង្កើនផលិតផល ទេសចរណ៍ថ្មីៗសម្រួលមធ្យោបាយនានាជូនទេសចរ ផ្សព្វផ្សាយពីគោល ដៅទេសចរណ៍ ឱ្យបានទូលំទូលាយ ពិសេសត្រូវពង្រឹងពង្រីកផលិផល ដើម្បីទាក់ទាញ កំណើនភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន និងទាក់ទាញពួកគេឱ្យស្នាក់នៅ កម្ពុជាបានយូរចំណាយកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជា កាន់តែច្រើនស្នាក់នៅកាន់តែយូរ និងចំណាយកាន់តែច្រើនថែមទៀតភាគីពាក់ព័ន្ធ ទាំងអស់ទាំងផ្នែករដ្ឋ ឯកជន ប្រជាពលរដ្ឋនិងដៃគូពាក់ព័ន្ធនានាត្រូវរួមគ្នាធ្វើ យ៉ាងណាឱ្យប្រទេសកម្ពុជាពោរពេញទៅដោយភាពស្អាតនិងបៃតង។

ក្នុងកិច្ចប្រជុំនេះភាគីរដ្ឋឯកជននិងដៃគូពាក់ព័ន្ធ បានឯកភាពគ្នាថានឹងខិតខំបង្កើនធន ធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើនតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែមខិតខំអនុវត្តន៍យុទ្ធសាស្ត្រដែលក្រសួងទេសចរណ៍បានដាក់ចេញដូចជាការទទួលស្គាល់អ្នកជំនាញពីមុនRPLកម្មវិធីរៀនផងធ្វើការផងនិងកម្មវិធីរៀនមុនធ្វើការងារតាមក្រោយជាដើម។

ឯកឧត្តមក៏បានជំរុញឱ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ឱ្យបានកាន់តែច្រើនថែមទៀត និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវពង្រឹងគុណភាពសេវា កម្មម្ហូបអាហារសេវាកម្មស្នាក់នៅសេវាកម្មលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរជាដើម។ ចំពោះផលិតផលនានាដែលលក់ជូនភ្ញៀវទេសចរត្រូវដាក់ពាណិជ្ជនាមទាំងឡាយណា ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងងាយស្រួលចំណាំរីឯពាណិជ្ជសញ្ញាក៏ ត្រូវដាក់បែបណាស្រួលចំណាំ ងាយស្រួលក្នុងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពី ផលិតផលទាំងនោះ ជាពិសេសគឺផលិតផលឧស្សាហកម្មខ្នាតតូច និងមធ្យម (SME) ដែលជាជំនួយយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា។  

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្ពុជានៅតែស្វាគមន៍ទេសចរចិនព្រោះទេសចរ ចិនជាទេសចរដែលមានចំនួនច្រើនជាងគេលើពិភពលោកហើយចាយច្រើនជាងគេកម្ពុជាខិតខំត្រៀមខ្លួនជានិច្ចដើម្បីទទួលភ្ញៀវទេសចរចិនតាមរយៈយុទ្ធសាស្ត្រ «ChinaReady» ធ្វើយ៉ាងណាផ្តល់បដិសណ្ឋារកិច្ចដល់ទីផ្សារទេសចរចិនឱ្យបានកាន់តែល្អ ដើម្បីស្ថិរភាព កំណើន ទាំងបរិមាណ និងគុណភាព។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅលើពិភពលោកគ្មានប្រទេសណា មួយមិនចាប់យកឱកាសក្នុងការត្រៀមទទួលទេសចរចិននោះទេសូម្បីតែនៅក្នុងអាស៊ាន ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាមក៏ជាប្រទេសទទួលទេសចរចិនច្រើនជាងកម្ពុជា ផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់វិស័យឯកជន និងដៃគូពាក់ព័ន្ធចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨

ដោយ ទូច វលក្ខណ៍