ពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៨ នៅកម្ពុជា ផ្ដោតលើផលិតផលសម្ភារសំណង់ និងគ្រឿងអេឡិចត្រូនិក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ ២០១៨ ក្រោមប្រធានបទ ” មិត្តភាព, កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍” ដែលត្រូវបានរៀបចំដោយក្រសួងការពារជាតិ ក្រសួងឧស្សាហកម្ម និងក្រសួង ពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសហការជាមួយក្រសួងការពារជាតិ និង ក្រសួងពាណិជ្ជកម្មកម្ពុជា ដោយដាក់តាំងបង្ហាញអំពីផលិតផលសំណង់ សិប្បកម្មកែច្នៃម្អូប អាហារ និងគ្រឿងសម្ភារអេឡិចត្រូនិក។ ពិព័រណ៍នេះ ត្រូវបានប្រារព្ធពិធីសម្ពោធបើកជា ផ្លូវការនាព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

 ថ្លែងក្នុងពិធីបើកសម្ពោធ ឯកឧត្តម សំ សិរីរតន៍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មវៀតណាមប្រចាំឆ្នាំជាបន្ដបន្ទាប់នៅ កម្ពុជា បានបង្កើនបន្ថែមទៀតនូវការពង្រឹង និងពង្រីកពាណិជ្ជកម្មយ៉ាងជិតស្និទ្ធរវាងប្រទេស ទាំងពីរ និងក្នុងក្របខណ្ឌសហប្រតិបត្ដិការពាណិជ្ជកម្មទ្វេភាគី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ដថា ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំ ផ្សព្វផ្សាយផលិតផលវៀតណាមពីរោងចក្រដោយផ្ទាល់ ហើយអតិថិជនអាចទិញទំនិញពីការ តាំងពិព័រណ៍នេះក្នុងតម្លៃសមរម្យ ហើយក៏បង្ហាញពីសក្ដានុពលនៃទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាមដែលជាប្រទេសដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ ជាពិសេសការរំលេច នូវវប្បធម៌ ប្រពៃណី និងការផ្សារភ្ជាប់សង្គមរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ថែមទៀត។

ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌ នៃពិព័រណ៍ពាណិជ្ជកម្មវៀតណាម ២០១៨ នៅកម្ពុជានេះ ក៏មានសកម្មភាព រៀបចំសកម្មភាពលើកកម្ពស់ការលក់ដូរ ណែនាំផលិតផល និងសេវាកម្ម តភ្ជាប់អាជីវកម្មរវាងប្រទេសទាំងពីរ និងបង្កើតទំនាក់ទំនង ដែលមានស្រាប់ក្នុងចំណោមដៃគូ ដើម្បីបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៨នេះ ធ្វើឡើងចាប់ពីថ្ងៃទី០ ខែវិច្ឆិកាដល់ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨   នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមាន ក្រុមហ៊ុនចំនួន១៣០ក្រុមហ៊ុន និងមានជាង ២៣០ មុខទំនិញ ក្នុងនោះបណ្ដាអាជីវកម្មវៀតណាម១២៥អង្គភាពអាជីវកម្មចូលរួមស្មើនឹង ១៩៥ស្ដង់ ក្នុងមជ្ឈមណ្ឌល លើកកម្ពស់ពាណិជ្ជ កម្មបណ្ដាអាជីវកម្ម នៃវិស័យសេដ្ឋកិច្ចផ្សេងទៀត និងកន្លែងតាំង ពិព័រណ៍ជាង ៣០ ក្រុមហ៊ុនសារជីវកម្មនៅកម្ពុជា ចំនួន ៣០ស្តង់ផងដែរ ចំពោះទំនិញ ផលិតផលដែលបាន ដាក់តាំង មានដូចជា សេវាកម្ម សេវាទូរគមនាគមន៍ ធនាគារ ផលិតផលវាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម សិប្បកម្ម និងអនុផលព្រៃឈើស្បៀងអាហារ  អាហារកែច្នៃ គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន គីមី សំណង់ សម្ភារសំណង់កសិកម្ម ជីសរីរាង្គ ដំណាំ ឧស្សាហកម្ម ម្ហូបអាហារ បសុសត្វ ពូជដំណាំ សត្វចិញ្ចឹម ថ្នាំសំលាប់សត្វ ល្អិត ពេទ្យសត្វ ។ល។

 ឯកឧត្តម ឧត្តមសេនីយឯកបំរុង TRAN DON អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បាន បញ្ជាក់ថា ការតាំងពិព័រណ៍នេះ ជាសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់នេះនៅកម្ពុជា ក្នុងគោលបំណងគាំទ្រដល់បណ្ដាអាជីវកម្មវៀតណាមក្នុងការបង្កើនសកម្មភាពលើកកម្ពស់ ពាណិជ្ជកម្ម ឈ្វេងយល់ពីតម្រូវការចាំបាច់របស់អតិថិជន ស្វែងរកដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ លើកកម្ពស់ការនាំចេញនូវផលិតផល សេវាកម្មទៅក្នុងទីផ្សារ កម្ពុជា និងបើកលទ្ធភាពនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារអាស៊ាន។ ឯកឧត្តមបាន​បន្ដ ថា ការតាំងពិព័រណ៍នេះក៏ជាសកម្មភាពនយោបាយដ៏សំខាន់ ក្នុងការរួមវិភាគទាន ជំរុញកិច្ច សហប្រតិបត្តិការលើទិដ្ឋភាពនយោបាយ វប្បធម៌ សង្គម ង្រឹងទំនាក់ទំនងកិច្ចការពារជាតិ ការទំនាក់ទំនងដ៏ទូលំទូលាយរបស់ប្រជាជន រឹតបន្ដឹងប្រពៃណីសាមគ្គីភាព មិត្តភាពដ៏វិសេសរវាង ប្រទេសទាំង២ ប្រជាជនទាំង២ និងកងទ័ពទាំង២ រវាងវៀតណាម និងកម្ពុជា៕

ដោយ ប៉ាល់ សុង