កុមារកូនកាត់កម្ពុជា-កូរ៉េ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ កុមារកូនកាត់កម្ពុជា-កូរ៉េ បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងការបង្ហាញម៉ូត សម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលរៀបចំដោយសាលាខេត្តជេជូ ដើម្បីផ្តល់ឱកាសឲ្យក្រុមគ្រួសារពហុវប្បធម៌ ស្វែងយល់អំពីវប្បធម៌របស់ប្រទេសម្តាយខ្លួន។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ឯកឧត្តមឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំសារធារណរដ្ឋកូរ៉េ បានអោយដឹងថា កុមារកូនកាត់កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ២ តពីកុមារអ៊ូស្សបេគីស្ថាន ក្នុងវិញ្ញាសារបង្ហាញ ម៉ូតសម្លៀកបំពាក់ប្រពៃណី។

ឯកឧត្តម បន្តថា ក្នុងបេសកកម្ម២យប់៣ថ្ងៃរបស់ឯកឧត្តម នៅលើទឹកដីកោះជេជូ បានបញ្ចប់ដោយទទួលបាន នូវលទ្ធផលល្អច្រើន ដោយក្នុងនោះកម្មវិធីរៀបចំឡើង ដោយសាលាខេត្តជេជូ ដែល ផ្តល់ឱកាសឲ្យក្រុមគ្រួសារពហុវប្បធម៌ ជាពិសេសកុមារកូនកាត់កូរ៉េ បានយល់ពីវប្បធម៌ របស់ប្រទេសម្តាយខ្លួន និងបានចងក្រងគ្នាជាបណ្តាញផងដែរ ៕