អ្នកសារព័ត៌មានអន្តរជាតិ១៥ប្រទេស ជួបប្រជុំនិងទស្សនកិច្ចក្រុមហ៊ុនផលិតរថភ្លើងធំជាងគេ របស់ប្រទេសចិន

AKP ថាងសាន, ប្រទេសចិន ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា អ្នកសារព័ត៌មានអន្តរជាតិមកពីប្រទេសចំនួន ១៥ នៃបណ្តាប្រទេស​គម្រោងខ្សែក្រវាត់មួយផ្លូវមួយ ដែលនៅក្នុងនោះរួមមានអ្នកសារព័ត៌មានកម្ពុជាចំនួន៣រូបផងដែរ បានទៅធ្វើទស្សនកិច្ច និងជួបប្រជុំជាមួយក្រុមហ៊ុនផលិតរថភ្លើងធំជាងគេរបស់សាធារ ណរដ្ឋប្រជាមានិតចិន CRRC Tangshan Co., Ltd នៅទីក្រុង Tangshanក្រុមហ៊ុន CRRC Tangshan Co.,Ltd ជាក្រុមហ៊ុនចិនដំបូងគេដែលផលិតរថភ្លើង ដែលបានបង្កើតឡើង នៅក្នុង ឆ្នាំ១៨៨១ និងបានផលិតរថភ្លើងជាច្រើនគ្រឿងនៅក្នុងប្រវត្តិសាស្រ្ត ឧស្សាហកម្មម៉ាស៊ីន របស់សាធារណរដ្ឋប្រជាមានិតចិន។

បច្ចុប្បន្ន ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនាំមុខ គេក្នុងពិភពលោកក្នុងការច្នៃប្រឌិត ផលិត និងរចនារថភ្លើង និងសម្ភាររថភ្លើង ជាពិសេសរថ ភ្លើងល្បឿនលឿនប្រភេទ EMU ដែលមានសមត្ថភាពបើកបរបានក្នុងល្បឿន ៤៨៧. គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរថភ្លើង និងគម្រោងផ្លូវរថភ្លើងដែលផលិតឡើងដោយ ក្រុមហ៊ុន CRRC Tangshan គឺជាជម្រើសដ៏ល្អ និងជាមធ្យោបាយធ្វើដំណើរដ៏សំខាន់នៅក្នុង ប្រទេសចិន។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងពិភពលោក ផលិតផលរថភ្លើងល្បឿនលឿន របស់ក្រុមហ៊ុន CRRC Tangshan ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសធំៗចំនួន ១០ នៅ ក្នុងពិភពលោក ដែលរួមមានទាំងប្រទេសតួកគី និងអាហ្សង់ទីនផងដែរ៕

ដោយ យា ចិន្តាខន្តី