សម្ព័ន្ធមិត្តជឿជាក់ថា នឹងបើកក្រុមការងារ​បន្ទាប់ពីកិច្ចចរចា នៅទីក្រុងញ៉ូវយ៉កជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ពួកមន្រ្តីបាននិយាយនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារថា បេសកជនកំពូលរបស់​កូរ៉េ​ខាងត្បូង​ទទួលបន្ទុកការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទំនងជានឹងធ្វើដំណើរទៅកាន់​សហរដ្ឋអាមេរិក​នាពេលឆាប់ៗនេះ បន្ទាប់ពីកិច្ចចរចាកម្រិតកំពូលរបស់ខ្លួន​ជាមួយកូរ៉េខាងជើង នៅទីក្រុងញ៉ូវយ៉កនាចុងសប្តាហ៍នេះ។

រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ិក ពុំពីអូ​ គ្រោងនឹងជួបប្រជុំជាមួយលោក គីម យ៉ុង-ចុល​ ជាទីប្រឹក្សាដ៏ស្និទ្ធមួយរូបរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ នាថ្ងៃព្រហស្បតិ៍​ស្អែកនេះ ដែលជាកិច្ចចរចាដោយផ្ទាល់លើកដំបូងរបស់ពួកគេក្នុងរយៈពេលកន្លះឆ្នាំនេះ។

លោក ពុំពីអូ ​នឹងត្រូវបានអមដំណើរដោយតំណាងពិសេសរបស់លោកទទួលបន្ទុកកូរ៉េ​ខាងជើង លោក Stephen Biegun។ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងសេអ៊ូល កាលពីសប្តាហ៍កន្លងទៅ លោក Biegun បានធ្វើកិច្ចចរចាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក លោក លី ដូ-ហុន​ ហើយបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបើកក្រុមការងារមួយ សម្រាប់ធ្វើកិច្ចពិភាក្សា​ជាញឹកញាប់ នឹងជាប្រព័ន្ធស្តីអំពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ពីរបបសន្តិភាពមួយ និងការ​ដាក់​ទណ្ឌកម្មនានាលើកូរ៉េខាងជើង។

កិច្ចចរចានៅទីក្រុងញ៉ូវយ៉ក​នឹងចាប់ផ្តើមធ្វើឡើង ដោយគេបានឃ្លាំមើលយ៉ាងយកចិត្ត​ទុកដាក់បំផុត សម្រាប់ថា តើ​ពួកគេនឹងផ្តល់​នូវសន្ទុះកម្រិតណា សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់​កូរ៉េទាំងពីរ​ដើម្បីប្រកាសបញ្ចប់ជាផ្លូវការមួយ ចំពោះសង្រ្គាមកូរ៉េឆ្នាំ​១៩៥០-៥៣​ ជាការផ្តួចផ្តើម​មួយ​ដើម្បីដំណើរការសន្តិភាពយ៉ាងពេញលេញមួយ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )