អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៖ ក្រសួងព័ត៌មានបានបើកទូលាយឱ្យភាគី​ពាក់ព័ន្ធចូលរួមក្នុងដំណើរការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានគាំទ្រ និងស្វាគមន៍ចំពោះក្រសួងព័ត៌មានដែលបានរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដោយបានបើកទូលាយឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។ 

 

លោកស្រី រ៉ូណា ស្មីត(Rhona Smith)អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជាបានសម្ដែងនូវការរីករាយ និងគាំទ្រក្រសួងព័ត៌មានដែល បានរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលផ្ដល់ឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមរួមទាំងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សានៅក្នុង ដំណើរការនៃការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះ

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សារវាងលោកស្រី រ៉ូណា ស្មីត ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដី ការក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន បានបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត បានលើកឡើងអំពីដំណើរការវិវត្ដន៍នៃសេចក្ដីព្រាងច្បាប់នេះ ដែលក្រសួងព័ត៌មានកំពុងរៀបចំតាក់តែង រហូតពេលនេះដល់ណាហើយ ជាពិសេសលោកស្រី ចង់ដឹងថា ក្រសួងព័ត៌មានបានកំណត់ ឬបញ្ចប់ នៃការអនុម័តសេចក្ដី ព្រាងច្បាប់នេះយ៉ាងណាហើយ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សេចក្ដីព្រាង ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានត្រូវបានបញ្ចប់នៅកម្រិតថ្នាក់បច្ចេកទេសរួចហើយ និងក្រសួង ព័ត៌មានបានស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលក្នុងការដឹកនាំកិច្ចប្រជុំជាមួយ គណៈកម្ម ការអន្ដរក្រសួង ដើម្បីពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់នេះ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្ដី។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានប្រមូលធាតុចូលពី ភាគីពាក់ព័ន្ធទាំងអស់  ហើយចំណុចមួយចំនួនបានជជែកពិភាក្សាគ្នាច្រើន ដែលចំណុចចុង ក្រោយក៏ឈានទៅសម្រេចបាននូវការយោគយល់គ្នា និងបានទទួលយកនូវមតិយោបល់ ដើម្បីដាក់បញ្ចូលខ្លឹមសារក្នុងសេចក្ដីព្រាងច្បាប់នេះ ផងដែរ។

ពាក់ព័ន្ធនឹងការចេញប្រកាសរួមស្ដីពីការគ្រប់គ្រង ការផ្សព្វផ្សាយតាមគេហទំព័រ និង បណ្ដាញ ទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ិនធឺណែតនៅកម្ពុជា ដែលចេញ ដោយក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃោះ លោកស្រី រ៉ូណា ស្មីត ក៏ចង់ឱ្យក្រសួងព័ត៌មានពន្យល់ថា តើការចេញប្រកាសរួមនេះ អាចជាការរឹតត្បិតសេរីភាពសារព័ត៌មានតាម ប្រព័ន្ធអនឡាញដែរឬទេ។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលបំណងក្នុងការរឹតត្បិតសេរីភាពសារព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណែតទេ ដោយ ប្រកាសនេះគឺ គ្រាន់តែបង្កើតឡើងដើម្បីបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រសួងពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ក្នុងករណីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ផល ប្រយោជន៍ជាតិ។ ឯកឧត្តមរដ្ឋ មន្រ្ដីក៏បានស្វាគមន៍ និងទទួលយកការស្នើសុំពីលោកស្រី រ៉ូណា ស្មីត ដើម្បីចូលរួមផ្ដល់មតិយោបល់ កែលម្អលើប្រកាសអន្ដរក្រសួងនេះផងដែរ។ ឯកឧត្តមក៏បានពន្យល់ប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មានក្នុងការបំពេញការងារលើវិស័យព័ត៌មាននៅកម្ពុជាដោយក្រសួងជាអ្នកផ្ដល់អាជ្ញាប័ណ្ណដល់កាសែត ទស្សនាវដ្ដី ព្រឹត្ដិបត្រ គេហទំព័រតាមអនឡាញ វិទ្យុ និងទូរទស្សន៍ ដើម្បីស្នើសុំផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

លោកស្រី រ៉ូណា ស្មីត ក៏ជំរុញឱ្យរាជរដ្ឋាភិបាលក៏ដូចជាក្រសួងព័តមានដែរថា តើមានផែនការ ពង្រីកការផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែតឱ្យបានទូលំទូលាយនៅ តាមតំបន់ជនបទដែរទេ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើការបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ដោយសារតែស្ថានភាព នៅកម្ពុជាមានការលំបាក ជាពិសេសថវិកា ធនធាននៅមានកម្រិត ដូច្នេះការផ្ដល់ព័ត៌មានជូនដល់ ប្រជាពលរដ្ឋនៅតាមតំបន់ ជនបទគឺនៅមិនទាន់បានទូលំ ទូលាយដែរ ប៉ុន្ដែប្រជាពលរដ្ឋក៏អាចទទួលបានព័ត៌មានយ៉ាងសម្បូរបែប ពីរាជរដ្ឋាភិបាល តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនឯកជន ឬការប្រើប្រាស់ផ្ទាល់ខ្លួន៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា