ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា ដើម្បីសំរេចគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ត្រូវមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ពន្ធ័

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីជាង២ម៉ឺន នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែ វិច្ឆិកានេះ។

សម្តេចតេជោ បន្តថា ការអភិវឌ្ឍត្រូវផ្តើមចេញពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ឬ សហគមន៍នីមួយៗ ដូច្នេះដើម្បីឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍបន្តទៅមុខទៀត យើង ទាំងអស់គ្នា ត្រូវរួមគ្នារក្សាឲ្យបាននូវសន្តិភាព។

សម្តេចតេជោ បន្ថែមថា យើងត្រូវរួមគ្នា ធ្វើយ៉ាងណាដើម្បីជំរុញប្រទេសរបស់យើង ពីឋានៈជាប្រទេសដែលមានចំណូលមធម្យមកំរិតទាប ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ជាមួយនឹងការបន្តអនុវត្តន៍នូវនយោបាយឧស្សាហកម្ម២០១៥-២០២៥ ដើម្បីជោគជ័យនូវសេដ្ឋកិច្ចរបស់ប្រទេសយើង ក៏ដូចជា សេដ្ឋកិច្ចរបស់ក្រុមគ្រួសារនីមួយៗ។