ប្រទេសចិនគ្រោងបង្កើតមជ្ឈមណ្ឌលពិនិត្យ​ និងព្យាបាលជំងឺនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក លី ចន្ថា៖

លោក តាំង ជីនហាយTANG Jinhai ប្រធានមន្ទីរពេទ្យខេត្ត ជាំងស៊ូ Jiangsu ប្រទេសចិនថ្លែងថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ប្រទេសចិននឹងបញ្ជូនមន្រ្តីសុខាភិបាលរបស់ខ្លួនមួយក្រុមទៅធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជានិងអាជ្ញាធរខេត្តព្រះសីហនុក្នុងការបង្កើតមជ្ឈមណ្ឌលមួយកន្លែងសម្រាប់ទទួលពិនិត្យ និងព្យាបាលប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះស៊ីហនុ។

ការបង្កើតនេះ គឺដើម្បីបន្តពង្រីកកិច្ចសហប្រតិបតិ្តការប្រទេសក្នុងតំបន់ និងដើម្បីបន្តជំរុញ ការលើកកម្ពស់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាស្របតាមគំនិតផ្តួចផ្តើមផ្លូវមួយ ក្រវ៉ាត់មួយដែល ឯកឧត្ដមស៊ី ជិនពីង ប្រធានាធិបតី ចិនបានដាក់ចេញ។

នៅក្នុងដំណាក់កាលនោះដែរ មជ្ឈមណ្ឌល​នឹងបន្តធ្វើការពិភាក្សាក្នុងការបង្កើត កម្មវិធី បណ្តុះ

បណ្តាលផ្នែកស្រាវជ្រាវ ដល់មន្រ្តីសុខាភិបាលកម្ពុជា ដោយបញ្ជូនមន្រ្តីពេទ្យខេត្តរបស់ចិន ដែលមានឯកទេសខាងជំងឺបេះដូង សសៃឈាម មហារីក ផ្នែកជំងឺគ្រុនចាញ់មកកាន់ប្រទេសកម្ពុជា និងស្នើឱ្យមានការផ្លាស់ប្តូរមន្រ្តីពេទ្យកម្ពុជាទៅទទួលការបណ្តុះបណ្តាលនៅប្រទេសចិនតាមរយៈការទំនុកបំរុងរបស់រដ្ឋាភិបាលចិនផងដែរ ។

លោកប្រធានមន្ទីរពេទ្យបន្តថា នៅឆ្នាំ២០១៥កន្លងមក ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន មន្ទីរពេទ្យបានបញ្ជូនមន្រ្តីពេទ្យប្រមាណ៩០នាក់ និងគ្រឿងបរិក្ខាពេទ្យមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យ និងព្យាបាលប្រជាពលរដ្ឋកម្ពុជាប្រមាណ១៣.០០០នាក់រួចហើយ ហើយនៅឆ្នាំ២០១៧ មន្ទីរពេទ្យខេត្តបានយកថ្នាំពេទ្យ និងសម្ភារៈមួយចំនួន រួមទាំងគ្រែអ្នកជំងឺ២០០ជូនដល់មន្ទីរពេទ្យនៅកម្ពុជាផងដែរ។

លោក ឈិន ប៉ីហួរ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជាដែលបានដឹកនាំក្រុមអ្នកកាសែតកម្ពុជាទៅកាន់ប្រទេសចិនបានថ្លែងក្នុងឱកាសនោះដែរថា សម្រាប់ការបង្កើតកម្មវិធីទស្សនកិច្ចសិក្សារបស់អ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា និងចិនឱ្យកាន់ស៊ីជម្រៅនិងរឹងមាំថែមទៀតលើគ្រប់វិស័យ និងដើម្បីអ្នកសារព័ត៌មានកម្ពុជា បានពាំនាំពីការរីកចំរើន នៃប្រទេសទាំងពីរព្វផ្សាយជូនប្រជាពលរដ្ឋបានជ្រួតជ្រាបផងដែរ។

សូមបញ្ជាក់ថា ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកយកព័ត៌មានព្រះរាជាណាចក្រកម្ពុជា​ចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីនៅក្នុងមន្ទីរពេទ្យខេត្តJiangsu នៃប្រទេសចិនកាលពីពេលថ្មីៗនេះ។