ប្រជាពលរដ្ឋស្រុកបសេដ្ឋ ប្រមាណ៩០ភាគរយ បញ្ឈប់បន្ទោបង់ពាសវាលពាសកាល

AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺបានប្រាប់AKPឱ្យដឹងនៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ស្រុកបសេដ្ឋ ជាស្រុកមួយក្នុងចំណោមស្រុកទាំង៨នៃខេត្តកំពង់ស្ពឺ ដែលមានអត្រាគ្រប   ដណ្តប់ផ្នែកអនាម័យខ្ពស់ជាងគេ ហើយលោកសង្ឃឹមថា នៅដំណាច់ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋនៅក្នុងស្រុកបសេដ្ឋទាំងមូល មានបង្គន់ប្រើប្រាស់គ្រប់ផ្ទះនិងក្លាយជាស្រុកដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៤ នៃស្រុកបសេដ្ឋគឺឃុំបសេដ្ឋ ឃុំពោធិម្រាល ឃុំព្រះនិពា្វ និងឃុំទួលអំពិល មានបង្គន់អនាម័យប្រើប្រាស់នៅគ្រប់ផ្ទះ។ លោកបានបន្តថា អត្រាគ្រប់ដណ្តប់ផ្នែកអនាម័យនៅទូទាំងខេត្តកំពង់ស្ពឺ ឆ្នាំ២០១៨ក្នុងនោះស្រុកបសេដ្ឋ៩០ភាគរយក្រុងច្បារមន៨២ភាគរយ ស្រុកគងពិសី៦២ភាគរយ ស្រុកឱរ៉ាល់៣៧ភាគរយ ស្រុកឧត្តុង្គ ៦១ភាគរយ ស្រុកភ្នំស្រួច ៤៣ភាគរយ ស្រុកសំរោងទង ៦៣ភាគរយ និងស្រុកថ្ពង ៤៨ភាគរយ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ​លទ្ធផលនេះគឺបានមកពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ដែលធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព​ មានការរីកចម្រើនលើកគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ ។ មិនតែប៉ុណ្ណោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការUNICEF និងដៃគូអនុវត្តន៍គម្រោង គឺជាតួអង្គសំខាន់ ដែលស្ថិតនៅពីក្រោយការសម្រេចបាននូវសមិទ្ធផលនៅស្រុកបសេដ្ឋ ក៏ដូចជានៅទូទាំងខេត្តកំពង់ស្ពឺ តាមរយៈការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទ ដោយសង្ឃឹមថា ខេត្តកំពង់ស្ពឺក្នុងរយៈពេល២ឆ្នាំខាងមុខនឹងគ្មានការបន្ទោបង់ពាសវាលពាសកាលទៀតឡើយ៕ ​

ដោយ  លឹម សាន្ត