ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺជិត១០ម៉ឹននាក់មានការងារធ្វើ និងរកប្រាក់ចំណូលពីមូលដ្ឋានផលិត ទាំង ២២១កន្លែងនៅក្នុងខេត្ត

AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –កំពង់ស្ពឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តដែលពីមុនប្រជាពលរដ្ឋរកប្រាក់ចំណូលបានតិចតួចសម្រាប់ការចំណាយផ្គត់ផ្គង់ជីវភាព ដែលបច្ចុប្បន្នបានក្លាយជាជង្រុកស្រូបយកបានរូបិយប័ណ្ណបរទេស មកផ្គត់ផ្គង់ជីវភាពរស់នៅបានធូរធារពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ចឹក បូរិន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រាប់AKP នៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តកំពង់ស្ពឺមានសហគ្រាស គ្រឹះស្ថានសរុប ២២១កន្លែង មានកម្មករនិយោជិតសរុប ៩៥.១៥២នាក់ ស្រី ៨០.០៧៤នាក់ ដែលចំនួននេះមានការកើនឡើងប្រមាណ ១៨,៨១ភាគរយ នៃចំនួនរោងចក្រ សហគ្រាស និងចំនួនកម្មករកើនឡើងប្រមាណ ១៧,៥៧ភាគរយ បើធៀបឆ្នាំ២០១៧ ហើយកំពុងស្រូបយករូបិយប័ណ្ណបរទេស ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារបានច្រើនបង្គួរ ក្នុងមួយខែៗ តាមការស្ម័គ្រចិត្តបំពេញការងារបន្ថែមម៉ោង ពីលើប្រាក់គោលប្រចាំខែរបស់ពួកគាត់។

លោក ចឹក បូរិន បានឱ្យដឹងទៀតថា កាលពីមុនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ក្រៅពីរបរកសិកម្ម ផលិតស្ករត្នោតនៅរដូវប្រាំង និងតំបន់ទេសចរណ៍ជាច្រើន គ្មានតំបន់ណាមួយដើម្បីឱ្យប្រជាកសិករកែរច្នៃរកប្រាក់ចំណូលបានទេ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ កូនចៅក្នុងខេត្ត និងបណ្ដាខេត្តនានា បានស្វែងរកការងារធ្វើ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានជិត ១០ម៉ឺននាក់ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់ រួមចំណែកកែលម្អជីវភាព តាមរយៈការកសាងគេហដ្ឋានថ្មីៗ សម្ភារប្រើប្រាស់សមរម្យ ស្របតាមប្រទេសជាតិ បាននិងកំពុងបោះជំហានទៅ កាន់ត្រើយសុភមង្គល ក្រោមគោលនយោបានជាតិ កាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាមគ្គុទេសក៏ ដឹកនាំឈ្លាសវៃ ជាកុលបុត្រដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះមហាក្សត្រ សោយរាជ អាស្រ័យដោយរដ្ឋធម្មនុញ្ញ៕

ដោយ លឹម សាន្ត