សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២៣.០០០នាក់នៅខេត្តតាកែវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត៖

នៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបសំណេះសំ ណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៣.០០០នាក់មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវ ។  ពិធីសំណេះសំណាលនេះ រៀបចំធ្វើនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

នេះជាជំនួបលើកទី២ ដែលសម្តេចតេជោជួបសំ ណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅខេត្តតាកែវនេះ ហើយក៏ជាជំនួបលើកទី៥៨ គិតចាប់ តាំងពីថ្ងៃទី ២០ខែសីហាឆ្នាំ២០១៧មក ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ដែលមានអ្នកចូលរួមសរុបជាង ៨២ម៉ឺននាក់ ។

ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានឲ្យដឹងថា រោងចក្រ សហ គ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះ សំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ  គឺថិតនៅក្នុងស្រុកបាទីទាំងអស់  ដែលមានអ្នកវិនិយោគមកពីប្រទេសចិនទាំងអស់ ។ រោងចក្រ សហ គ្រាសទាំង២០នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ភលើសម្លៀកបំពាក់ចំនួន១។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ឯ.ឧរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានបញ្ជាក់ថា មកដល់បច្ចុប្បន្នខេត្តតាកែវមានសហគ្រាស គ្រឹះស្ថានចំនួន ១៤៤ មានកម្មករ និយោជិត ៤៦.៩៩០នាក់ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៣៧ មានកម្មករនិយោ ជិតចំនួនជាង៣៨.០០០ នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៧៨លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តម អ៉ិត សំហេង បានចាត់ទុកវត្តមានរោង ចក្រ សហគ្រាសនៅក្នុងខេត្តតាកែវ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោ បាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្ត បន្ទាប់ផងដែរ។