ចិនសំដែងការសោកស្តាយចំពោះការដាក់ទណ្ឌកម្ម ឡើងវិញរបស់អាម៉េរិកលើអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសមួយរូបបាននិយាយពីថ្ងៃចន្ទថា ប្រទេសចិនបានសំដែងការសោក ស្តាយចំពោះការសម្រេចរបស់អាម៉េរិកដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា រដ្ឋការលោក ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួននឹងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលគេបានលុបចោលនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាប្រវត្តិសាស្ត្រ ដែលគេស្គាល់ផងដែរថា ជាផែនការសកម្មភាពរួមដ៏ទូលំទូលាយ( JCPOA ) នោះ។ ទណ្ឌកម្មនេះ ដែលជាក្រុមទី២ នៃទណ្ឌកម្មបែបនេះ នឹងចូលជាធរមាននៅថ្ងៃចន្ទនេះ ។

អ្នកនាំពាក្យលោកស្រី ហួ ជុនយីង បានប្រាប់សន្និសីទព័ត៌មានប្រចាំថ្ងៃមួយថា ចិនសោកស្តាយ ដែលអាម៉េរិកបានធ្វើការសម្រេចនេះ ហើយសង្គមជាទូទៅបានបង្ហាញនូវការប្រឆាំងជំទាស់ជាសកលចំពោះការដាក់ទណ្ឌកម្មជាឯកតោភាគីនេះ ។

លោកស្រីបាននិយាយថា ថ្វីបើស្ថានការណ៍មានការផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងពេល៦ខែកន្លងទៅនេះក៏ដោយ ក៏ភាគីដែលមានជាប់ពាក់ព័ន្ធនៃ JCPOA នៅតែឧទ្ទិសដល់ការរក្សាទុកកិច្ចព្រមព្រៀងនេះ ដដែល​ ព្រមទាំងថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាធម្មតា ជាមួយប្រទេសអ៊ីរ៉ង់ ដែលជាទូទៅត្រូវបានគាំទ្រដោយសង្គមជាសកលនោះ ។

លោកស្រីបាននិយាយថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ( IAEA ) បានបញ្ជាក់អះអាងនៅក្នុងសេចក្តីរាយការណ៍ជាប់ៗគ្នាចំនួន១២ ថា អ៊ីរ៉ង់កំពុងគោរពតាមការសន្យារបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនេះ ដោយលោកស្រីនិយាយបន្ថែមថា ប្រទេសចិនសរសើរដល់កិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ ។

លោកស្រីបាននិយាយថា ចិនសង្ឃឹមថា ​គ្រប់ភាគីទាំងអស់ដែលមានជាប់ពាក់ព័ន្ធអាចបំពេញនូវការទទួលខុសត្រូវនឹងកាតព្វកិច្ចរបស់ខ្លួនចេញពីទស្សនទាំងមូល និងយូរអង្វែងមួយ ។ ប្រទេចិននឹងបន្តប្រកាន់យកនូវអាកប្បកិរិយាដែលត្រឹមត្រូវមិនលំអៀង និងទទួលខុសត្រូវ​ ព្រមទាំងបន្តធ្វើកិច្ចប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីថែរក្សាកិច្ចព្រមព្រៀងនេះ ដោយឡែកក៏នឹងការពារឱ្យបានផងដែរនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )